ប្រទេសប្រេស៊ីល និងបារាំង កាលពីថ្ងៃអង្គារ បានចាប់ផ្តើមកម្មវិធីវិនិយោគមួយដើម្បីការពារព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល និងហ្គីយ៉ាន ដោយមានមូលនិធិឯកជន និងសាធារណៈចំនួន ១ ពាន់លានអឺរ៉ូ ឬ១,១ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ប្រទេសអាមេរិកខាងត្បូង ជាកន្លែងដែលលោកបានចុះចតកាលពីថ្ងៃអង្គារ នៅទីក្រុង Belem ជិតតំបន់ព្រៃជប់ភ្លៀង Amazon ហើយបានជួបជាមួយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ។

លោក Macron និងលោក Lula បានជិះទូកតាមទន្លេទៅពិនិត្យមើលគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ការផលិតសូកូឡា នៅលើកោះមួយនៅជិតទីក្រុង Belem ហើយបានជួបជាមួយមេដឹកនាំជនជាតិដើមភាគតិចនៅទីនោះ។
នៅក្នុងព្រឹត្តិការណ៍នេះ លោក Macron បានគោរពមេដឹកនាំជនជាតិដើមភាគតិច និងអ្នកធ្វើយុទ្ធនាការបរិស្ថាន។
អ្នកធ្វើយុទ្ធនាការ លោក Raoni ជាមួយតន្ត្រីករម្នាក់ បានប្រគល់ឯកសារដល់លោក Macron ដែលរិះគន់ពីផលប៉ះពាល់បរិស្ថាន ដែលគម្រោងផ្លូវរថភ្លើងគាំទ្រដោយកសិករដាំសណ្តែកសៀង ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិច ដែលបាននិយាយថា ពុំត្រូវបានពិភាក្សាយោបល់ដោយសេរីឡើយ។