ទិដ្ឋភាពនៃក្តីសង្ឃឹមសម្រាប់ប្រជាជនប៉ាឡេស្ទីន ខណៈមានជំនួយត្រូវបានទម្លាក់តាមយន្តហោះក្នុងពេលមានការកើនឡើងនូវភាពភ័យខ្លាចនៃគ្រោះទុរ្ភិក្សជិតរយៈពេល៦ខែ នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែល។

ប៉ុន្តែការទម្លាក់ជំនួយនេះ បានបង្កើតគ្រោះថ្នាក់ថ្មី។ អាជ្ញាធរសុខាភិបាល ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារទី ២៦ ខែមីនាថា មនុស្ស ១២នាក់ បានស្លាប់ដោយការប៉ុនប៉ងដើម្បីទទួលបានការផ្គត់ផ្គង់សំខាន់ៗ។ នៅក្នុងវីដេអូ ដែលទទួលបានដោយសារព័ត៌មាន Reuters ប្រជាជននៅក្រុង Beit Lahia ភាគខាងជើងតំបន់ហ្កាហ្សា អាចត្រូវបានគេមើលឃើញចុះក្នុងទឹកជម្រៅរហូតដល់ត្រឹម ក របស់ពួកគេ ដោយព្យាយាមស្រង់យកប្រអប់ជំនួយ។

សេចក្តីត្រូវការខ្លាំងប្រែទៅជាអស់សង្ឃឹម ខណៈសាកសព ត្រូវបានគេឃើញទាញមកដាក់លើដីខ្សាច់។ វាគឺជាឧប្បត្តិហេតុចុងក្រោយដែលពាក់ព័ន្ធនឹងការស្លាប់ក្នុងអំឡុងពេលផ្តល់ជំនួយនៅក្នុងតំបន់ហ៊ុមព័ទ្ធតូចចង្អៀត មានពលរដ្ឋប៉ាឡេស្ទីនរស់នៅច្រើន។ មនុស្សមួយចំនួនកំពុងដើរស្វែងរកស្លឹកឈើដើម្បីទទួលទាន ឬដុតនំដែលស្ទើរតែមិនអាចទទួលទានបាន ធ្វើពីចំណីសត្វ។
អាជ្ញាធរនិយាយថា បើនិយាយពីជំនួយ កំហុសធំបំផុតមួយគឺគេបោះចូលទៅកន្លែងដ៏គ្រោះថ្នាក់ ដូចជាក្នុងសមុទ្រ ព្រោះវានាំឲ្យលង់ទឹកសម្រាប់អ្នកទៅទទួលជំនួយ។
ពួកគេក៏អាចទម្លាក់ជំនួយពីយន្តហោះនៅតាមតំបន់ធំទូលាយ ហើយអនុញ្ញាតឱ្យនគរបាលគ្រប់គ្រងជំនួយ និងបញ្ជូនវាទៅប្រជាជន។
ទីភ្នាក់ងារជំនួយនិយាយថា ការផ្គត់ផ្គង់ដែលត្រូវការចំនួនមួយភាគប្រាំ កំពុងចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលវាយលុកដោយការវាយប្រហារតាមអាកាស និងជើងគោក ។
ពួកគេនិយាយថា ការដឹកជញ្ជូនតាមអាកាស ឬផ្លូវសមុទ្រដោយផ្ទាល់ទៅកាន់ឆ្នេររបស់ក្រុមហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា គឺមិនអាចជំនួសបានឡើយសម្រាប់ការកើនឡើងនៃការផ្គត់ផ្គង់ដែលចូលមកតាមផ្លូវគោក តាមរយៈប្រទេសអ៊ីស្រាអែល ឬប្រទេសអេហ្ស៊ីប។
បុរសប៉ាឡេស្ទីនម្នាក់ និយាយថា ជំនួយធ្លាក់ចូលទៅក្នុងសមុទ្រគឺជាការអាម៉ាស់ ហើយពុំមែនជាវិធីត្រឹមត្រូវក្នុងដំណើរការនោះទេ។ លោកនិយាយថា លោកចង់បានជំនួយចំនួនតិចតួចជាង ចំនួនដែលបានមកពីការព្យាយាមយកវាពីក្នុងទឹក។