មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានចោទប្រកាន់ដោយផ្ទាល់ លើប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច ថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូដ៏ឃោឃៅ បន្ទាប់ពីការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុមរដ្ឋឥស្លាម (IS)។

ក្រុមរដ្ឋឥស្លាម បានបញ្ចេញវីដេអូនៃអំពើឃោរឃៅនេះ ប៉ុន្តែលោក វ្ល៉ាឌីមៀ ពូទីន និងសម្ព័ន្ធមិត្តជិតស្និទ្ធចំនួនពីរ បានអះអាងថា ក្រុមជីហាដ ត្រូវបានជួយដោយក្រុមចារកម្មប្រទេសលោកខាងលិច និងអ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែនបានច្រានចោលពាក្យនិយាយកុហករបស់រុស្ស៊ី។
សេណារីយ៉ូនេះ មិនទំនងនោះទេ ព្រោះអាមេរិក បានព្រមានរុស្ស៊ីពីការវាយប្រហារដែលនឹងជិតមកដល់ កាលពី១៥ ថ្ងៃមុនការវាយប្រហារ។ ប្រទេសរុស្ស៊ីបាននិយាយថា មនុស្សចំនួន ១៣៩ នាក់ ត្រូវបានសម្លាប់ នៅពេលដែលជនប្រដាប់អាវុធ ៤ នាក់បានសម្រុកចូលទៅក្នុងសាលប្រគំតន្ត្រី Crocus City កាលពីល្ងាចថ្ងៃសុក្រ សប្តាហ៍មុន។ មន្ត្រីបាននិយាយថា មនុស្ស ២២ នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមមានកុមារពីរនាក់។
ពលរដ្ឋប្រទេសតាហ្ស៊ីគីស្ថាន បួននាក់បានបង្ហាញខ្លួននៅតុលាការដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តការសម្លាប់រង្គាលនេះ។ ជនសង្ស័យបួននាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទជួយដល់សកម្មភាពភេរវកម្ម។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីកហៃឡូ ប៉ូដូលយ៉ាក(Mykhailo Podolyak) បាននិយាយថា ការពិតអំពីអ្នកប្រព្រឹត្ត និងភាពអសមត្ថភាពរបស់អង្គភាពសេវាសន្តិសុខរុស្ស៊ី គឺមិនអាចប្រកែកបាន។ ប្រទេសលោកខាងលិច ក៏បានចំអកដល់ការនិទានរឿងរបស់វិមានក្រឹមឡាំងផងដែរ។

មេដឹកនាំរុស្ស៊ី បានទទួលស្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំតាមទូរទស្សន៍ថា យើងដឹងថាឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្តឡើងដោយស្នារដៃរបស់ក្រុមអ៊ីស្លាមជ្រុលនិយម យើងចង់ដឹងថាអ្នកណាជាអ្នកបញ្ជាវា។
លោកបានអះអាងថា សំណួរជាច្រើននៅតែគ្មានចម្លើយ ដោយនិយាយឡើងវិញនូវការអះអាង គ្មានមូលដ្ឋានថា អ្នកវាយប្រហារបានព្យាយាមរត់គេចខ្លួនពីភាគខាងត្បូង ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ចុះបញ្ចូលពិភពលោក ថាទីក្រុងគីវ ពុំមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ ប៉ុន្តែលោកបានបន្តចង្អុលទៅកាន់ប្រទេសលោកខាងលិច ដោយលោកបាននិយាយថា កំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងរុស្ស៊ី។