ប្រធានាធិបតីកូឡុំប៊ី លោក ហ្គាស្តាវូ ភេត្រូ (Gustavo Petro) កាលពីថ្ងៃអង្គារ បានគំរាមផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ប្រសិនបើប្រទេសនេះ មិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សាស្ទ្រីប។

លោកភេត្រូ បានធ្វើសេចក្តីប្រកាសនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជាTwitter។ កាលពីថ្ងៃចន្ទ លោកបានផ្សព្វផ្សាយសារមួយទៀត ដែលលោកបានអបអរសាទរការអនុម័តនៃសេចក្តីសម្រេចនេះ និងបានជំរុញឲ្យប្រទេសផ្សេងទៀតផ្អាកទំនាក់ទំនងជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនមិនបញ្ឈប់ការវាយលុកយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបានបណ្តាលឲ្យមនុស្សជាង ៣២.000 នាក់ស្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា។
ក្រសួងការបរទេសរបស់អ៊ីស្រាអែល បានឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោកភេត្រូកាលពីថ្ងៃអង្គារជាមួយនឹងសារតាមបណ្តាញសង្គមX ដែលបាននិយាយថា ប្រទេសមជ្ឈិមបូព៌ានេះ នឹង «បន្តការពារប្រជាជនរបស់ខ្លួន ហើយនឹងមិនចុះចាញ់នឹងសម្ពាធ និងការគំរាមកំហែងណាមួយឡើយ»។

ក្រសួងការបរទេស បានចោទលោកភេត្រូថា ជា «អ្នកគាំទ្រក្រុមភេរវករហាម៉ាស ដែលបានសម្លាប់កុមារ និងស្ត្រី ក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី៧ ខែតុលា លើសហគមន៍អ៊ីស្រាអែល ដែលបានធ្វើការលុកលុយតំបន់ហ្កាហ្សានាពេលបច្ចុប្បន្ន ហើយបាននិយាយថា ជំហររបស់លោកភេត្រូ គឺជាការធ្វើឲ្យ«អាម៉ាស់ដល់ប្រជាជនកូឡុំប៊ី»។
ការប្រឈមមុខដាក់គ្នាលើបណ្តាញសង្គមX បង្ហាញពីការកាន់តែយ៉ាប់យ៉ឺន នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានចេញពីភាពជាដៃគូយោធានិងពាណិជ្ជកម្ម ទៅជាគូប្រជែងមនោគមន៍វិជ្ជាដ៏ជូរចត់។
អស់ជាច្រើនទសវត្សរ៍មកហើយ ប្រទេសកូឡុំប៊ី បានប្រើប្រាស់យន្តហោះចម្បាំង និងកាំភ្លើងយន្តដែលផលិតដោយអ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាម ហើយប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅឆ្នាំ ២០២០។