ប្រធានទីភ្នាក់ងារសន្តិសុខដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា លោកជឿថា អ៊ុយក្រែន រួមជាមួយនឹងសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមក្នុងការវាយប្រហារលើសាលប្រគុំតន្ត្រីមួយ នៅខាងក្រៅទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩នាក់។

អ៊ុយក្រែន ដែលបានបដិសេធម្តងហើយម្តងទៀតនូវការទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃសុក្រ បានច្រានចោលការចោទប្រកាន់រុស្ស៊ីថា ជាការកុហក។ ចក្រភពអង់គ្លេស បាននិយាយថា ពួកគេ «មិនសមហេតុសមផលទាំងស្រុង»។ ក្រុមរដ្ឋឥស្លាម ជាក្រុមសកម្មប្រយុទ្ធ ដែលធ្លាប់ស្វែងរកការគ្រប់គ្រងលើទឹកដីអ៊ីរ៉ាក់ និងស៊ីរី បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារដ៏ធំនេះ។

លោក អាឡិចសាន់ឌឺ ប៊តនីកូវ (Alexander Bortnikov) ប្រធានសេវាសន្តិសុខសហព័ន្ធ (FSB) បាននិយាយតាមទូរទស្សន៍ថា៖«យើងជឿថា សកម្មភាពនេះ ត្រូវបានរៀបចំឡើងដោយក្រុមបដិវត្តន៍ឥស្លាមខ្លួនឯង ហើយត្រូវបានសម្របសម្រួលដោយសេវាកម្មពិសេសរបស់លោកខាងលិច»។
លោកប៊តនីកូវ បានបញ្ជាក់ថា៖«សេវាកម្មពិសេសរបស់អ៊ុយក្រែន គឺទាក់ទងដោយផ្ទាល់ទៅនឹងបញ្ហានេះ» ដោយបន្ថែមថា ទីក្រុងគីវ បានជួយរៀបចំក្រុមបដិវត្តន៍ឥស្លាម នៅទីតាំងមិនស្គាល់អត្តសញ្ញាណ នៅមជ្ឈិមបូព៌ា។
នៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានរុស្ស៊ីថា តើអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន សហរដ្ឋអាមេរិក និងអង់គ្លេស មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើសាលប្រគុំតន្ត្រីដែរឬទេ លោកប៊តនីកូវ បាននិយាយថា៖«យើងគិតថា នោះគឺជាបញ្ហាចោទ។ ឥឡូវនេះយើងកំពុងនិយាយអំពីភ័ស្តុតាង ដែលយើង មាន។ នេះគឺជាព័ត៌មានទូទៅ»។
លោកប៊តនីកូវ មានវ័យ ៧២ឆ្នាំ ដែលបានបម្រើការជាប្រធាន FSB ចាប់តាំងពីឆ្នាំ ២០០៨ បាននិយាយថា ប្រទេសរុស្ស៊ី មិនទាន់កំណត់អត្តសញ្ញាណអ្នក ដែលបញ្ជាឲ្យធ្វើការវាយប្រហារដ៏សាហាវបំផុត នៅក្នុងប្រទេសរុស្ស៊ីអស់រយៈពេលពីរទសវត្សរ៍មកហើយ ប៉ុន្តែបានអះអាងថា វិធានការសងសឹក នឹងត្រូវធ្វើឡើង។
លោកមិនបានផ្តល់ភ័ស្តុតាងជាក់លាក់ណាមួយសម្រាប់ការអះអាងនេះទេ ដែលក្រុមអ្នករឹងរូស នៅទីក្រុងមូស្គូ អាចប្រើដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការកើនឡើងសង្រ្គាមនៅអ៊ុយក្រែន និងពន្យល់ពីរបៀប ដែលសេវាសន្តិសុខរុស្ស៊ី បរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារនេះ។