ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅរសៀលថ្ងៃទី២៧ ខែមីនានេះ បានឲ្យដឹងថា វេទិកាការងារនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៦ រួមមានក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME)។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ទៀតថា ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី



