ឪពុករបស់តារាចម្រៀងដ៏ល្បីកញ្ញា ថេល័រ ស្វីស (Taylor Swift) នឹងមិនត្រូវបានចោទប្រកាន់ជុំវិញបទចោទដែលថាលោកបានវាយប្រហារលើអ្នកតាមប្រមាញ់រូបថតម្នាក់ នៅក្នុងប្រទេសអូស្ត្រាលី នោះទេ។

អ្នកប្រម៉ាញ់រូប ឈ្មោះ បេន មែកដូណាល់ (Ben McDonald) វ័យ ៥១ ឆ្នាំបានប្រាប់នគរបាលថា លោក ស្កុត ស្វីស (Scott Swift) វ័យ ៧២ ឆ្នាំបានវាយចំមុខលោក នៅកំពង់ផែក្រុង ស៊ីដនី (Sydney) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប៉ុន្តែរបួសមិនត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តទេ។

អ្នកនាំពាក្យរបស់កញ្ញា ថេល័រ ស្វីស នៅពេលនោះបាននិយាយថា មនុស្សពីរនាក់បានប្រព្រឹត្តយ៉ាងគឃ្លើនឆ្ពោះទៅរកតារាចម្រៀងរូបនេះ។ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលមួយខែ នគរបាលរដ្ឋ ញ៉ូវសៅវែល (New South Wales) កាលពីថ្ងៃអង្គារ (២៦ មីនា) បាននិយាយថា នឹងមិនចាត់វិធានការបន្ថែមទៀតទេ។
ការប្រឈមមុខដាក់គ្នានេះបានកើតឡើងបន្ទាប់ពីលោក ស្វីស និងកូនស្រីរបស់ខ្លួនបានចុះពីទូកមួយ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីកម្មវិធីប្រគុំតន្រ្តី អ៊ីរ៉ាស ធួរ (Eras Tour) ចុងក្រោយរបស់នាងនៅទីក្រុងស៊ីដនី។ វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី បង្ហាញពីតារាចម្រៀងរូបនោះ កំពុងលាក់ខ្លួននៅក្រោមឆ័ត្រដើរជាមួយឪពុក និងសន្តិសុខ។
កាមេរ៉ាថតបានសំឡេងមនុស្សពីរនាក់ ដែលគេរាយការណ៍ថាជាអ្នកប្រម៉ាញ់រូប និងអង្គរក្ស ចោទប្រកាន់គ្នាទៅវិញទៅមកថាបានប៉ះឆ័ត្រដែល ថេល័រ ស្វីស កំពុងកាន់។ គេមិនច្បាស់ថា តើវីដេអូនោះថតពីហេតុការណ៍ដែលគេចោទប្រកាន់នោះ ឬយ៉ាងណា។ លោក មែកដូណាល់ បានប្រាប់សារព័ត៌មាន BBC ថាកញ្ញា ថេល័រ ស្វីស ចូលក្នុងរថយន្តរួចទៅហើយ នៅពេលដែលលោក ស្វីស «រុលទៅ» និងវាយប្រហារខ្លួនដោយគ្មានការបង្កហេតុ៕