ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានបណ្តេញលោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន នៅក្នុងការរុះរើមួយគួរឲ្យភ្ញាក់ផ្អើល។

លោក Danilov ដែលបានកាន់មុខតំណែង តាំងពីខែតុលា ឆ្នាំ ២០១៩ ប៉ុន្មានខែ បន្ទាប់ពីប្រធានាធិបតីចូលកាន់តំណែង ត្រូវបានជំនួសដោយលោក Oleksandr Lytvynenko ដែលជាប្រធានសេវាចារកម្ម បរទេស ក្រោមក្រិត្យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតី។ ពុំមានហេតុផលត្រូវបានផ្តល់ឲ្យសម្រាប់ការផ្លាស់ប្តូរនេះទេ។
ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន សម្របសម្រួលសន្តិសុខជាតិ និងមានប្រធានផ្នែកនយោបាយ សន្តិសុខ និងការពារជាតិសំខាន់ៗរបស់ប្រទេស។

ការសម្រេចនេះ កើតឡើង នៅពេលដែលលោកហ្សេឡិនស្គី បន្តផ្លាស់ប្តូរមន្ត្រីសន្តិសុខ និងការពារជាតិជាន់ខ្ពស់ ជាមួយនឹងការបណ្តេញឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ុយក្រែន កាលពីខែមុន បង្ហាញពីការបោសសម្អាតយ៉ាងទូលំទូលាយនៅក្នុងជួរកងទ័ពរបស់ខ្លួន។