ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានដឹកនាំកិច្ចប្រជុំ សមាជិកគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិនិត្យមើលការអនុវត្តបញ្ជីការងារបន្ទាន់លើ វិស័យសំខាន់ៗ ដើម្បីត្រៀមចុះហត្ថលេខាជាមួយចិន ក្នុងការជួយដល់សេដ្ឋកិច្ចជាតិ។
កិច្ចប្រជុំនោះ បានពិនិត្យលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានសម្រេចខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងស្រុងរួចរាល់អស់ហើយ ដោយនៅតែពេលចុះហត្ថលេខាក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលចិន។
ឯកឧត្ដមឧបនាយរដ្ឋមន្ត្រី ក៏បានពិភាក្សាជាមួយសមាជិកគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន អំពីការអភិវឌ្ឍទំនើបកម្មកសិកម្មកម្ពុជា និងការនាំកសិផលកម្ពុជាច្រើនមុខទៅកាន់ប្រទេសចិន អោយបានច្រើនក្នុងពេលឆាប់ៗ ជាពិសេស អង្ករឲ្យបានគ្រប់ចំនួន៤០ម៉ឺនតោន និងកសិផលជាច្រើនផ្សេងទៀតមានដូចជា ចេក ស្វាយ ម្សៅដំឡូងមី ទុរេន គ្រាប់ស្វាយចន្ទី កៅស៊ូ ស្ករស មៀនប៉ៃលិន និងទឹកមាត់ត្រចៀកកាំ ជាដើម។
ជាមួយគ្នានេះ ការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុឲ្យបានឆាប់ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ ជាពិសេសបញ្ហាសន្តិសុខ បញ្ហាបណ្ដុះបណ្ដាល ធនធានមនុស្ស និងបញ្ហាសហប្រតិបត្តិការរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាប្រធានបទនៃកិច្ចពិភាក្សាសំខាន់នៅក្នុងកិច្ចប្រជុំសមាជិកគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃនេះដែរ៕ អត្ថបទ៖ ជា ធីរិទ្ធ
