បេក្ខភាពប្រធានាធិបតីដែលចាញ់ឆ្នោតរបស់ឥណ្ឌូនេស៊ី លោក អានីស បាស្វាដាន (Anies Baswedan) បានដាក់អំណះអំណាងរបស់ខ្លួននៅក្នុងតុលាការចំពោះការបោះឆ្នោតកាលពីខែមុននៅថ្ងៃពុធ (២៧ មីនា) នេះ ដោយចោទប្រកាន់ថាមានការជ្រៀតជ្រែកពីរដ្ឋ និងជំរុញឱ្យមានការបោះឆ្នោតឡើងវិញ និងការដកសិទ្ធិអ្នកឈ្នះឆ្នោត លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto)។

អតីតអភិបាលក្រុងហ្សាកាតា រូបនេះបាននិយាយថា ជ័យជម្នះដ៏លើសលប់របស់រដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ ត្រូវបានជួយដោយសម្ពាធពីរដ្ឋបាលបក្សពួកលើអាជ្ញាធរក្នុងតំបន់ និងការកៀងគរជំនួយសង្គមជា «ឧបករណ៍ប្រតិបត្តិការ» ដើម្បីធានាថាមានលទ្ធផលតែមួយគត់។

លោក អានីស បាននិយាយថា ការបោះឆ្នោតបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោក កំពុងមានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងអតីតកាលផ្តាច់ការរបស់ខ្លួន។ រដ្ឋបាលរបស់ប្រធានាធិបតីផុតអាណត្តិ លោក ចូកូ វីដូដូ (Joko Widodo) បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះ។

ក្រុមរបស់លោក អានីស បានប្រាប់តុលាការក្នុងនាមជាអ្នកទទួលផលនៃការអនុវត្តអយុត្តិធម៌ថា លោក ប្រាបូវ៉ូ គួរតែត្រូវបានដកសិទ្ធិពីសន្លឹកឆ្នោត។ លោក ប្រាបូវ៉ូ បានអះអាងថាខ្លួនបានឈ្នះឆ្នោតយ៉ាងច្បាស់ និងយុត្តិធម៌។ ក្រុមអ្នកច្បាប់របស់លោកបាននិយាយកាលពីថ្ងៃពុធថា ការលើកឡើងរបស់លោក អានីស គឺផ្អែកលើការសន្មត និងដោយគ្មានភស្តុតាងសំខាន់ៗជាក់លាក់៕