ខេត្តកំពង់ចាម គ្រោងនឹងកសាងកំពង់ផែទេសចរណ៍មួយ ខណៈបច្ចុប្បន្ន កំពុងចុះសិក្សា និងវាយតម្លៃទីតាំងផ្ទាល់ ដើម្បីបំរើលើវិស័យទេសចរណ៍នៅក្នុងខេត្តឲ្យកាន់តែទាក់ទាញទៀត។
មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងធ្វើការចុះសិក្សា និងវាយតម្លៃលើទីតាំងផ្ទាល់ ដើម្បីបង្កើតកំពង់ផែទេសចរណ៍មួយ បំរើលើវិស័យទេសចរណ៍នៅក្នុងខេត្តឲ្យកាន់តែទាក់ទាញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា ខេត្តកំពង់ចាម រួមនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះសិក្សាគម្រោងសាងសង់កំពង់ផែទេសចរណ៍ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ន មន្ត្រី ជំនាញរួមនឹងមន្ត្រីបច្ចេកទេសក្រសួងបានធ្វើការចុះមកសិក្សា និងវាយតម្លៃរកទីតាំងមួយសមស្របដោយជាកន្លែងទាក់ទាញ មួយ នៅបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម ដើម្បីរៀបចំផែនការសិក្សាផលប៉ះពាល់ និងលើកផែនការកសាងកំពង់ផែទេសចរណ៍មួយដ៏ទាក់ទាញ និងអាចឲ្យនាវាទេសចរណ៍សំចតបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ។ ឯកឧត្ដម បញ្ជាក់ទៀតថា គម្រោងសិក្សាកំពង់ផែនេះ នឹងធ្វើការសាង់សងដោយអាចសំចតនាវាទេសចរណ៍បានពី៤ទៅ៥គ្រឿង និងមានកន្លែងសម្រាប់សំរាកអង្គុយរង់ចាំមានផាសុភាពល្អ។ កន្លងមកនាវាទេសចរណ៍ គឺសំចតគ្មានកន្លែងត្រឹមត្រូវ និងច្បាស់លាស់ឡើយ ។

ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមទៀតថា ជាលទ្ធផល ក្រោយចុះពិនិត្យតាមដងទន្លេ និងកំណត់ជម្រៅទឹកទីតាំងច្បាស់លាស់រួចមក ក្រុមការងារ នឹងធ្វើសំណើរដាក់ទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការសម្រេចនិងផ្តល់អនុសាសន៍វិលត្រឡប់វិញ៕ អត្ថបទៈ ថុង សីហា




