ភ្នំពេញ៖ ប្រតិភូទីប្រឹក្សាដោះស្រាយវិវាទ (CAO) បានជួបជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្វែងយល់ពីការចុះបញ្ជីដីធ្លីជូនជនជាតិដើមភាគតិចនៅកម្ពុជា ។
ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ប្រតិភូ CAO បានពិភាក្សាការងារ និងឈ្វេងយល់ពីគោលនយោបាយរៀបចំដែនដី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ហើយក៏មានបំណងឈ្វេងយល់ស៊ីជម្រៅពាក់ព័ន្ធការចុះបញ្ជីដីធ្លីជូនជនជាតិដើមភាគតិច ។
ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យបានលឿន សំដៅធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ។
ឯកឧត្តម បានបញ្ជាក់ថា យុទ្ធនាការចុះបញ្ជីដីធ្លីបញ្ចប់ទូទាំងប្រទេស គឺធ្វើឡើងដោយមិនបែងចែកចំពោះប្រជាពលរដ្ឋទូទៅ ឬជនជាតិដើមភាគតិចនោះទេ ខណៈគិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៧លានបណ្ណ ជូនប្រជាពលរដ្ឋ ហើយនៅសល់ប្រមាណជា ៥ លានក្បាលដីទៀត ដែលត្រូវចុះបញ្ជីឱ្យចប់ជាស្ថាពរនៅអំឡុង២ឆ្នាំខាងមុខនេះ ដែលនឹងត្រូវការថវិកាប្រមាណជាង ១០០ លានដុល្លារអាមេរិក ៕ អត្ថបទ បាន សុខរិទ្ធិ













