
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានចេញការព្រមានខ្លាំងបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នអំពីភាពទន់ខ្សោយនៃប្រាក់យ៉េន ខណៈដែលរូបិយប័ណ្ណនេះបានធ្លាក់ថ្លៃដល់កម្រិតទាបមួយក្នុងរយៈពេល ៣៤ ឆ្នាំធៀបនឹងប្រាក់ដុល្លារ ដោយនិយាយថាអាជ្ញាធរអាចចាត់វិធានការ «ម៉ឹងម៉ាត់» ដែលធ្លាប់ប្រើពីមុននៅមុនពេលអន្តរាគមន៍។
លោក ស៊ុនអ៊ីឈិ ស៊ូហ្ស៊ូគី (Shunichi Suzuki) បានប្រើឃ្លា «វិធានការម៉ឹងម៉ាត់» ចុងក្រោយនៅក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ ២០២២ នៅពេលដែលប្រទេសជប៉ុន បានធ្វើអន្តរាគមន៍ចុងក្រោយនៅក្នុងទីផ្សារដើម្បីទប់ស្កាត់ការចុះខ្សោយនៃប្រាក់យ៉េន។
លោក ស៊ូហ្ស៊ូគី បានធ្វើការលើកឡើងនេះកាលពីថ្ងៃអង្គារ (២៦ មីនា) ភ្លាមៗបន្ទាប់ពីប្រាក់ដុល្លារបានកើនឡើងលើទិន្នន័យដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ដោយធ្វើឱ្យប្រាក់យ៉េនជប៉ុនធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៣៤ ឆ្នាំ និងចូលទៅក្នុងតំបន់ដែលទាក់ទាញការអន្តរាគមន៍ទីផ្សារជាផ្លូវការក្នុងឆ្នាំ ២០២២ ។
ប្រាក់យ៉េន បានជួញដូរនៅក្នុងតម្លៃ ១៥១,៩៧ យ៉េនក្នុងមួយដុល្លារ ក្នុងវគ្គជួញដូរនៅអាស៊ី ដោយធ្លាក់ចុះប្រហែល ០,២ ភាគរយ និងខ្សោយជាងតួលេខ ១៥១,៩៤ យ៉េន ដែលអាជ្ញាធរជប៉ុនក្នុងអំឡុងខែតុលា ឆ្នាំ២០២២ ត្រូវចូលទិញរូបិយប័ណ្ណមកវិញ។
តួលេខនេះឈានដល់កម្រិតខ្សោយបំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០ នៅជុំវិញពេលដែលពពុះទ្រព្យសកម្មរបស់ប្រទេសជប៉ុនបានផ្ទុះឡើង។ លោក ស៊ូហ្ស៊ូគី បាននិយាយថា រដ្ឋាភិបាលកំពុងឃ្លាំមើលយ៉ាងដិតដល់នូវការផ្លាស់ប្តូរទីផ្សារ ជាមួយនឹងភាពបន្ទាន់ខ្ពស់ បន្ទាប់ពីប្រាក់យ៉េនធ្លាក់ចុះ៕