
អាជ្ញាធរកំពង់ផែរបស់ប្រទេសសិង្ហបុរី នៅថ្ងៃពុធ (ទី២៧ ខែមីនា) នេះ បាននិយាយថា នាវាដឹកទំនិញដែលបានបុកស្ពាន នៅទីក្រុង Baltimore រហូតបណ្តាលឲ្យស្ពាននោះបាក់រលំ និងធ្វើឲ្យរាំងស្ទះដល់កំពង់ផែពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់សហរដ្ឋអាមេរិកនោះ បានឆ្លងកាត់ការត្រួតពិនិត្យក្រៅប្រទេសចំនួន ២ដង ក្នុងឆ្នាំ២០២៣។
អាជ្ញាធរកំពង់ផែ បានប្រាប់ថា៖ «តម្រូវការផ្នែកស្តង់ដារបច្ចេកទេស និងវិញ្ញាបនបត្រច្បាប់ ដែលគ្របដណ្តប់លើសុច្ចរិតភាពនៃរចនាសម្ព័ន្ធរបស់នាវានេះ និងមុខងារនៃឧបករណ៍របស់នាវា មានសុពលភាពនៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើង»។
អាជ្ញាធរនេះ បានបន្ថែមថា នាឡិកាសម្រាប់វាស់សម្ពាធឥន្ធនៈដែលខូច ត្រូវបានជួសជុលក្នុងខែមិថុនា។ កាលពីល្ងាចថ្ងៃអង្គារ (ទី២៦ ខែមីនា) អាជ្ញាធរកំពង់ផែ បានបញ្ជាក់ថា អ្នកស៊ើបអង្កេតរបស់ខ្លួន និងអ្នកដែលមកពីការិយាល័យស៊ើបអង្កេតសុវត្ថិភាពដឹកជញ្ជូន កំពុងធ្វើដំណើរទៅកាន់ទីក្រុង Baltimore ដោយផ្តល់ជំនួយដល់ឆ្មាំសមុទ្រអាមេរិក។
គួរបញ្ជាក់ថា នាវាដែលមានទង់ជាតិសិង្ហបុរី «បានគាំងលែងដំណើរការមួយស្របក់» មុនពេលនាវានោះបានបុកស្ពាន Francis Scott Key ដែលបានបាក់រលំ និងបានធ្វើឲ្យរាំងស្ទះដល់កំពង់ផែពាណិជ្ជកម្ម។
អាជ្ញាធរសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនោះ បានផ្អាកការស្វែងរកមនុស្ស ៦នាក់ ដែលបាត់ខ្លួនបន្ទាប់ពីឧបទ្ទវហេតុនោះ ដោយសារសីតុណ្ហភាពទឹកត្រជាក់ និងពេលវេលាកន្លងផុត៕