
ក្រសួងគ្រប់គ្រងគ្រាអាសន្ន បាននិយាយកាលពីថ្ងៃអង្គារថា ការងារស្វែងរកនិងជួយសង្គ្រោះ ដ៏លំបាកនៅសាលប្រគំតន្ត្រី Crocus City នៅជាយក្រុងមូស្គូ ប្រទេសរុស្ស៊ីបានបញ្ចប់ ហើយគ្មានជនរងគ្រោះបន្ថែមទៀតត្រូវបានរកឃើញនៅក្រោមគំនរបាក់បែកឡើយ។
យោងតាមក្រសួងបានឱ្យដឹងថា ក្រុមជួយសង្គ្រោះនឹងចាប់ផ្តើមដកកម្លាំងថយ ពីទីតាំងវាយប្រហារដ៏មហន្តរាយ បន្ទាប់ពីបានបំពេញភារកិច្ចរបស់ពួកគេ។
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារភេរវកម្ម បានកើនឡើងដល់ ១៣៩នាក់ ហើយមនុស្សសរុប ១៨២នាក់ បានរងរបួសក្នុងការវាយប្រហារ រហូតមកដល់ពេលនេះ។
កាលពីថ្ងៃអង្គារ ក្រសួង បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះ ហើយជនរងគ្រោះចំនួន ១២០នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណ។
អ្នកសង្គ្រោះនិយាយថា យើងបាននៅទីនេះអស់រយៈពេល ៤ ថ្ងៃមកហើយ ដោយបានបំពេញភារកិច្ចរបស់យើង ហើយការងារត្រូវបានស្តារមករកភាពធម្មតាវិញ។ ប៉ុន្តែតើយើងអាចនិយាយថា «ភាពធម្មតា»យ៉ាងដូចម្តេច បន្ទាប់ពីអគ្គិភ័យ និងការវាយប្រហារភេរវកម្ម? វាជាសោកនាដកម្មសម្រាប់ប្រទេសរបស់យើង។ វាជាការបំផ្លាញដ៏គួរឱ្យភ័យខ្លាច ហើយយើងទាំងអស់គ្នាពិតជាក្រៀមក្រំ។
វាពិតជាលំបាកខ្លាំង ក្នុងការធ្វើការនៅខាងក្នុង វាត្រូវបញ្ចាំងពន្លឺភ្លើង វាមានសំណើម និងមានក្លិនឆ្ងៀមនៅគ្រប់ទីកន្លែង។