
សមាជិកសភាអាមេរិកម្នាក់ដែលពាក់ព័ន្ធនឹងគោលនយោបាយសុខភាព បានសួរទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ថា ហេតុអ្វីបានជាស្ថាប័នេះមិនបានត្រួតពិនិត្យក្រុមហ៊ុន Neuralink របស់លោក Elon Musk មុនពេលអនុញ្ញាតឲ្យក្រុមហ៊ុនផ្សាំខួរក្បាលមួយនេះធ្វើតេស្តឧបករណ៍របស់ខ្លួននៅក្នុងខ្លួនមនុស្ស។
ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកត្រួតពិនិត្យរបស់ FDA បានរកឃើញបញ្ហាជាមួយនឹងការរក្សាសំណៅ និងការត្រួតពិនិត្យគុណភាព សម្រាប់ការពិសោធន៍លើសត្វ នៅក្រុមហ៊ុន Neuralink កាលពីខែមិថុនា ឆ្នាំ២០២៣ ពោលគឺមិនដល់មួយខែនោះឡើយ បន្ទាប់ពីក្រុមហ៊ុននេះ បាននិយាយថា ខ្លួនទទួលបានការអនុញ្ញាតឲ្យធ្វើតេស្តការផ្សាំខួរក្បាលលើមនុស្ស។
ក្រុមហ៊ុន Neuralink ដែលបានសាកល្បងឧបករណ៍របស់ខ្លួនជាលើកដំបូងលើសត្វស្វា និងសត្វដទៃទៀតនោះ ឥឡូវនេះកំពុងសាកល្បងឧបករណ៍នេះនៅក្នុងខ្លួនមនុស្ស។ ក្រុមហ៊ុននេះផលិតបន្ទះឈីបខួរក្បាលដែលអាចឲ្យអ្នកជំងឺមានពិការភាពបញ្ជាកុំព្យូទ័រដោយត្រឹមតែប្រើការគិតរបស់ពួកគេ។
យ៉ាងណាក្ដី ពាក់ព័ន្ធនឹងករណីពិសោធន៍នេះ នៅក្នុងលិខិតផ្ញើទៅកាន់ FDA កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) តំណាងរាស្ត្រអាមេរិករបស់គណបក្សប្រជាធិបតេយ្យ លោក Earl Blumenauer បានប្រាប់ឲ្យដឹងថា លោកមានការព្រួយបារម្ភថា ទីភ្នាក់ងារនេះមិនអើពើនឹង «ភស្តុតាងដ៏គួរឲ្យព្រួយបារម្ភ» នៃការរំលោភលើការធ្វើតេស្ត ចំពោះសត្វ ដែលត្រូវបានលើកឡើងតាំងពីឆ្នាំ២០១៩ មកម្ល៉េះ៕
