
ដោយខ្វាយខ្វល់ពីសត្វគោក្របី និងមាន់ទានៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ ជិតព្រំដែនភាគខាងជើងអ៊ីស្រាអែលជាមួយប្រទេសលីបង់ លោក Lior Shelef ដឹងច្បាស់ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីក្រុមហេសប៊ូឡានៅលីបង់ កាន់តែខិតជិត ពី ១ថ្ងៃទៅ ១ថ្ងៃ ។
ក្រោយពេលមនុស្សភាគច្រើននៅក្នុងសហគមន៍តូចៗរបស់លោក និងគ្រួសាររបស់លោកបានជម្លៀសខ្លួនអស់ លោក Shelef និងកងកម្លាំងការពារដែលរូបលោករួមចំណែកជាទាហានបម្រុង ត្រូវតែធានាថា សត្វពាហនៈទាំងអស់នេះ ត្រូវតែទទួលបានការមើលថែ និងទទួលបានចំណី បើទោះបីជាមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតឥតឈប់ឈរឆ្លងកាត់ព្រំដែនក៏ដោយ ។
លោក Shelef បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងពុំបានដឹងនោះទេថាតើអ្វីនឹងកើតឡើងនៅថ្ងៃស្អែក ។ ពួកយើងអត់បានដឹងទេថាតើស្អែកកាន់តែអាក្រក់ ឬកាន់តែល្អប្រសើរនោះ ។
គួរឲ្យដឹងថា រ៉ុក្កែតជាង ២ពាន់គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចាប់តាំងពីក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ វាយឆ្មក់ឆ្លងចូលព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ។
ពលរដ្ឋអ៊ីស្រាអែលប្រហែល ១០ម៉ឺននាក់ បានជម្លៀសខ្លួនចេញពីតំបន់ជុំវិញព្រំដែនភាគខាងជើងអ៊ីស្រាអែល ខណៈដែលភាគីលីបង់ បានជម្លៀសពលរដ្ឋក្នុងចំនួនប្រហាក់ប្រហែលនេះផងដែរ ។
ការជម្លៀសខ្លួនមនុស្ស បានធ្វើឲ្យសហគមន៍កសិកម្មមួយចំនួនប្រែក្លាយជាទីក្រុងខ្មោច ដូចជាសហគមន៍ Snir ជាដើម ជាកន្លែងដែលពួកគេចិញ្ចឹមគោក្របី មាន់ទា ដាំបន្លែ និងដំណាំមួយចំនួនទៀត នៅចម្ងាយប្រហែល ៣គ.មប៉ុណ្ណោះ ពីព្រំដែលលីបង់ ៕