
កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសបូលីវី បានបើករោងចក្រជីវឥន្ធនៈលើកដំបូងរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីល និងដើម្បីទូទាត់ការធ្លាក់ចុះការផលិតឧស្ម័នក្នុងស្រុក ។
យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា កាលពីឆ្នាំមុន ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានវិនិយោគទុននូវទឹកប្រាក់ ១,៨ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភធនឥន្ធនៈអ៊ីដ្រូកាបូន និងទឹកប្រាក់ ២,៩ពាន់លានដុល្លារ ដើម្បីនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ។
រោងចក្រជីវឥន្ធនៈលើកដំបូងរបស់បូលីវី ត្រូវបានសាងសង់ឡើងនៅតំបន់ Santa Cruz ហើយរោងចក្រទី ២ គ្រោងនឹងសាងសង់នៅទីក្រុង El Alto ស្ថិតនៅជិតទីក្រុង La Paz ។ គេរំពឹងថា រោងចក្រទាំង ២កន្លែងនេះ នឹងអាចផលិតជីវឥន្ធនៈ ៣ពាន់បារ៉ែលក្នុង ១ថ្ងៃ ។
នៅឆ្នាំ ២០២៥ខាងមុខ ប្រទេសបូលីវី មានផែនការបើករោងចក្រប្រេងម៉ាស៊ីតបង្កើតថ្មី HVO ដែលគេរំពឹងថា នឹងអាចផលិតប្រេងបាន ៩ពាន់បារ៉ែល ក្នុង១ថ្ងៃ ដោយប្រើប្រាស់វត្ថុធាតុដើមដូចជាប្រេងឆៅ ខ្លាញ់សត្វ នៅក្នុងចំណោមវត្ថុធាតុដើមផ្សេងទៀត ៕