
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅស្រុក Nuevo Chimbote ប្រទេសប៉េរូ បានព្យាយាមពន្លត់អណ្តាតភ្លើង រយៈពេល ២ថ្ងៃក្រោយភ្លើងឆេះព្រៃកើតឡើងកាលពីថ្ងៃសៅរ៍ ធ្វើឲ្យគ្រោះថ្នាក់ដល់តំបន់វាលទំនាបនៅភាគខាងលិចប្រទេសមួយនេះ ។
ក្រុមអាជ្ញាធរ និយាយកាលពីថ្ងៃអង្គារថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមការពារជនស៊ីវិល ប្រឈមនឹងការលំបាកខ្លាំង ដោយសារតែស្ថានភាពភូមិសាស្រ្តលំបាក ហើយពួកគេនៅតែព្យាយាមពន្លត់អណ្តាតភ្លើង ។
អភិបាលស្រុក Nuevo Chimbote លោក Walter Soto និយាយថា ក្រុមការងារពិបាកធ្វើដំណើរទៅដល់កន្លែងកើតមានភ្លើងឆេះព្រៃ ដោយសារតែភក់ និងហានិភ័យនៃការជាប់ផុងក្នុងដីល្បាប់ ។
យន្តហោះពន្លត់អគ្គិភ័យ ២គ្រឿង ឧទ្ធម្ភាគចក្រ ១គ្រឿង ត្រូវបានបញ្ជូន ដើម្បីពន្លត់អណ្តាតភ្លើង ។
ដោយឡែក ក្រុមអាជ្ញាធរបរិស្ថាន និយាយថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃនេះ ៕