
នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីន ជួបជុំគ្នានៅកន្លែងរងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើទីក្រុងភាគខាងត្បូង Rafah តំបន់ហ្កាហ្សាស្រ្ទីប ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ បាត់បង់ជីវិត រួមទាំងជនប៉ាឡេស្ទីនវ័យ ៧២ឆ្នាំម្នាក់ និងភរិយាវ័យ ៦២ឆ្នាំរបស់គាត់ ។
លោក Mussa Dhaheer គឺជាជនប៉ាឡេស្ទីនមួយរូបដែលបាត់បង់ឪពុកម្តាយរបស់លោក និយាយថា កន្លែងណាក៏ដោយឲ្យតែទាហានអ៊ីស្រាអែលឃើញជនប៉ាឡេស្ទីន ពួកគេនឹងវាយប្រហារភ្លាម ។ ឪពុករបស់ខ្ញុំ ម្តាយរបស់ខ្ញុំ ឬបងប្អូនរបស់ខ្ញុំ សុទ្ធតែមិនបានជាប់ពាក់ព័ន្ធនឹងរឿងអ្វីទាំងអស់ ។
លោកបន្តថា ពេលដែលពួកយើងផ្លាស់មកកាន់ទីនេះ ពួកគេគឺជាអ្នកនិយាយប្រាប់ឲ្យពួកយើងមកទីនេះ ។ ខ្ញុំសូមស្បថចំពោះព្រះអាឡាថា ពួកយើងអត់បានពាក់ព័ន្ធនឹងរឿងអ្វីទាំងអស់ ។
ខណៈពេលនោះដែរ អ្នកស្រី Francesca Albanese គឺជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) និងអ្នកជំនាញរបស់ UN បាននិយាយប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ស្ថាប័នពិភពលោកមួយនេះថា អ្នកស្រីជឿជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក គឺជាការប្រល័យពូជសាសន៍ ហើយអ្នកស្រី បានអំពាវនាវឱ្យប្រទេសនានាដាក់ទណ្ឌកម្មជាបន្ទាន់ និងការហាមឃាត់អាវុធ ៕