ភ្នំពេញ ៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា.ក.ប.ប. សាខារាជធានីភ្នំពេញបានរកឃើញទីតាំងលួចផលិតឈាមជ្រូក និងសណ្តែកបណ្តុះបន្ថែមសារធាតុគីមីនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងដកហូតវត្ថុតាងសរុបចំនួន ៧៣គីឡូក្រាម។
មន្ត្រី ក.ប.ប. ប្រាប់ឲ្យដឹងថា ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានរកឃើញផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម និង សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេសតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់។
នាប្រតិបត្តិការនោះ មន្ត្រីជំនាញបានដកហូតផលិតផលឈាម ចំនួន ៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន ២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម ។
មន្ត្រី ក.ប.ប. បញ្ជាក់ឲ្យដឹងថា ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លាយសារធាតុបន្ថែម ដែលមានសារធាតុគីមីលើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត និងបញ្ឈប់ការផលិតឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណាដែលច្បាប់មិនអនុញ្ញាតិ ព្រមទាំងរៀបចំអនាម័យ ទុកដាក់សម្ភារៈ វត្ថុធាតុដើមឲ្យបានល្អ ហើយម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែ ដើម្បីកែតម្រូវអនាម័យទីតាំងឲ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕
ដោយ ៖ តារាវុទ្ធី