
បេក្ខជនដែលប្រជែងតំណែងប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ីមិនបានសម្រេច គឺលោក Ganjar Pranowo នៅថ្ងៃពុធ (ទី២៧ ខែមីនា) នេះ បាននិយាយថា មាន «ការរំលោភបំពានដោយការប្រើអំណាចខុសច្បាប់» នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែមុន ដោយលោកប្រាប់ថា ទង្វើនេះបាន «បំផ្លាញសីលធម៌របស់ប្រទេស» ខណៈដែលក្រុមរបស់លោកបានស្នើសុំឲ្យតុលាការធម្មនុញ្ញដំណើរការឡើងវិញនូវការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែកុម្ភៈ។
ក្រុមអ្នកច្បាប់របស់លោក Ganjar ក៏បានអំពាវនាវផងដែរឲ្យមានការដកសិទ្ធិប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto ដោយលើកឡើងពីស្ថានភាពនៃការជ្រៀតជ្រែក ដើម្បី «គាំទ្របេក្ខជនមួយចំនួន»។ ការអំពាវនាវរបស់លោកកើតមានឡើងបន្ទាប់ពីមានសំណើស្រដៀងគ្នានេះ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍កន្លងទៅ ពីសំណាក់បេក្ខជនគូប្រជែង លោក Anies Baswedan។
រដ្ឋបាលជិតផុតអាណត្តិរបស់ប្រធានាធិបតីលោក Joko Widodo បានច្រានចោលការចោទប្រកាន់ពីការជ្រៀតជ្រែក ក្នុងការបោះឆ្នោតនេះ។ គួរបញ្ជាក់ថា លោក Prabowo ទទួលបានសំឡេងគាំទ្រជិត ៦០ភាគរយ ដោយមានជំនួយគាំទ្រយ៉ាងស្ងៀមស្ងាត់ពីអ្នកកាន់តំណែងមុនដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា៕