
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបង្កឱ្យមានសំណុំផ្សែងដ៏ក្រាស់អណ្ដែតពេញអាកាស។
អាជ្ញាធរសុខាភិបាលបាននិយាយថា ក្រុងរ៉ាហ្វា ជាទីដែលមនុស្សជាងពាក់កណ្ដាលនៃចំនួនមនុស្ស២,៣លាននាក់ ក្នុងតំបន់ហ្កាហ្សា កំពុងជ្រកកោននៅទល់នឹងរបងព្រំដែនជាមួយប្រទេសអេហ្ស៊ីបនោះ មានមនុស្ស១៨នាក់ ក្នុងនោះមានកុមារ៨នាក់ បានស្លាប់ ដោយការវាយប្រហារដែលបានត្រូវចំលំនៅឋានគ្រួសារមួយ កាលពីថ្ងៃអង្គារម្សិលមិញ។
យោងតាមការបូកសរុបរបស់អ៊ីស្រាអែលបានឱ្យដឹងថា អ៊ីស្រាអែល បានធ្វើការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាស្រ្ទីបបន្ទាប់ពីអ្នកប្រយុទ្ធហាម៉ាស បានឆ្លងព្រំដែនទាំងដ៏កំរោលចូលកាលពីថ្ងៃទី៧តុលា និងបានសម្លាប់មនុស្សអស់១.២០០នាក់ និងបានចាប់មនុស្ស២៥៣នាក់ទៀត ធ្វើជាចំណាប់ថ្នូរ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៣២.៤១៤នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សាតាំងពីថ្ងៃទី៧តុលាមក។
សេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបានបន្ថែមថា ជនជាតិប៉ាឡេស្ទីនចំនួន៨១នាក់ បានស្លាប់ និង៩៣នាក់ទៀត បានរងរបួសក្នុងរយ:ពេល២៤ម៉ោងចុងក្រោយ។