
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារថា ចំនួនជនជាតិប៉ាឡេស្ទីន ដែលបានស្លាប់ក្នុងតំបន់ហ្កាហ្សាស្រ្ទីបពីការបន្ដការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣២.៤១៤នាក់ ។
ក្រសួងសុខាភិបាលបានបន្ថែមថា អំឡុងពេល២៤ម៉ោងចុងក្រោយ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៨១នាក់ និង៩៣នាក់ទៀត បានរងរបួស។
កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែល បានផ្សព្វផ្សាយវីដេអូមួយពីការវាយប្រហារតាមអាកាសលើគោលដៅជាច្រើនរបស់ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាសក្នុងតំបន់ហ្កាហ្សា ដោយអះអាងថា ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ យន្ដហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារជាង៦០គោលដៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះរួមមានផ្លូវរូងក្រោមដី និងទីតាំងយោធា។
កងទ័ពអ៊ីស្រាអែលក៏បានចាប់ផ្ដើមវាយប្រហាតាមអាកាសផងដែរ ដើម្បីសងសឹកទៅនឹងការវាយប្រហារដោយគ្រាប់រ៉ូកែតរបស់បុគ្គលិកយោធាប៉ាឡេស្ទីន។
លើសពីនេះ កងទ័ពអ៊ីស្រាអែល បានបន្ដប្រតិបត្ដិការសឹកក្នុងតំបន់ដែលជាទីតាំងនៃមន្ទីរពេទ្យអាល់ ស៊ីហ្វា ក្នុងភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ដោយបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់។
កាលពីថ្ងៃអង្គារ សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយប្រកាសថា មន្ទីរពេទ្យអាល់ អាម៉ាល់ (Al-Amal) ក្នុងក្រុងខានយូនីស (Khan Younis) បានផ្អាកប្រតិបត្ដិការ បន្ទាប់ពី កងទ័ពអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្តនេះរយៈពេលជាង៤០ថ្ងៃរួមទាំងការទម្លាក់គ្រាប់បែកដ៏ច្រើន៕