
វីដេអូដែលផ្សព្វផ្សាយដោយកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានបង្ហាញនូវអ្វីដែលខ្លួននិយាយថា ជាការវាយប្រហារជាច្រើនលើហេដ្ឋារចនាសម្ព័នរបស់ក្រុមហេសបូឡាក្នុងប្រតេសលីបង់។
យោងតាម ចំណងជើងអក្សរលើវីដេអូដែលផ្សព្វផ្សាយនោះ បានឱ្យដឹងថា គោលដៅជាច្រើនក្នុងនោះរួមមាន ទីប្រជុំអគារយោធា ក្នុងក្រុងខេហ្វាកេឡា (Kfarkela) ជាកន្លែងស្ដុកទុកអាវុធក្នុងតំបន់ហានីន (Hanine) និងហេដ្ឋារចនាសម្ព័នភេរវជន ក្នុងក្រុងបេត យ៉ាហ៊ូន(Beit Yahoun)ផងដែរ។
តាមប្រភពសន្ដិសុខចំនួនពីរ បានប្រាប់អ្នកសារពត៌មាន Reutersនៅថ្ងៃពុធនេះថា ឃ្លីបវីដេអូដែលបានផ្សាយនេះ ធ្វើឡើង ស្របពេលដែលសកម្មប្រយុទ្ធហេសបូឡាបីនាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជិតក្រុងពីរ នៅភាគឦសានរបស់លីបង់ កាលពីថ្ងៃអង្គារ ដែលក្រុមនេះ បានបង្ហោះនៅលើតេឡេក្រាម ហើយយ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់នៅក្នុងការវាយប្រហារមួយរបស់អ៊ីស្រាអែល នៅក្រុង ណាបាទ្យេ (Nabatieh) ភាគខាងត្បូងប្រទេសលីបង់។
ក្រុមហេសបូឡានិងកងទ័ពអ៊ីស្រាអែល បានបាញ់កាំភ្លើងតគ្នាតាំងពីខែតុលា នៅក្នុងអំពើហិង្សាឆ្លងព្រំដែនដ៏អាក្រក់បំផុត តាំងពីពួកគេបានប្រយុទ្ធគ្នានៅក្នុងសង្រ្គាមមួយដែលអូសបន្លាយពេល១ខែ ក្នុងឆ្នាំ២០០៦នោះ៕