
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា អ្នកកាន់ទុក្ខជាច្រើននាក់ នៅថ្ងៃពុធនេះ បានបញ្ចុះសពជនជាតិប៉ាឡេស្ទីនបីនាក់ ដែលត្រូវបានសម្លាប់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល ក្នុងអំឡុងពេលវាយឆ្មក់មួយក្នុងក្រុងចេនីនតំបន់កាន់កាប់វេស បែង ។
ក្រសួងសុខាភិបាល បានបន្ថែមថា មនុស្ស៤នាក់ទៀត បានរងរបួសដោយការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល ក្នុងអំឡុងពេលវាយឆ្មក់ពេលយប់។
តាំងពីសង្រ្គាមតំបន់ហ្កាហ្សា បានចាប់ផ្ដើមមក អ៊ីស្រាអែល បានបង្កើនការវាយឆ្មក់យោធា ក្នុងតំបន់វេសបែង ជាកន្លែងដែលអំពើហិង្សាបានកើនឡើងរួចទៅហើយអស់ជាង១ឆ្នាំកន្លងទៅនេះ។
ឯកសាររបស់អង្គការសហប្រជាជាតិ បានបង្ហាញថា កងទ័ពអ៊ីស្រាអែល ឬអ្នកតាំងទីលំនៅ បានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ក្នុងតំបន់វេស បែង តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧តុលា លើប្រទេសអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា កើតឡើងដូច្នេះ៕