អ្នកជំនាញសេដ្ឋកិច្ច និងដឹកជញ្ជូននិយាយថា ការបាក់ស្ពានដ៏មហន្តរាយ ដែលបានបិទកំពង់ផែ ទីក្រុង Baltimore រដ្ឋម៉ារីលែន សហរដ្ឋអាមេរិក ក្នុងការដឹកជញ្ជូនទំនិញ កំពុងបង្កឱ្យមានការឈឺក្បាលផ្នែកដឹកជញ្ជូនមួយចំនួន ប៉ុន្តែទំនងជាមិនបង្កឱ្យមានវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីដ៏ធំរបស់សហរដ្ឋអាមេរិកនោះទេ ខណៈកំពង់ផែ East Coast ដែលកំពុងប្រកួតប្រជែង បានត្រៀមខ្លួន ដើម្បីដោះស្រាយទំនិញកាន់តែច្រើន។

មនុស្ស ៦នាក់ ត្រូវបានគេសន្មត់ថាបានស្លាប់ បន្ទាប់ពីនាវាដឹកទូទំនិញបានបុកបំផ្លាញស្ពាន Francis Scott Key។ ជាមួយគ្នានេះ វានៅតែមិនច្បាស់ថាតើរយៈពេលប៉ុន្មានដែលកំពង់ផែទីក្រុងនឹងត្រូវបើកឡើងវិញ បន្ទាប់រចនាសម្ព័ន្ធស្ពានបានបាក់ធ្លាក់ចូលទន្លេ។
ក្រុមហ៊ុនក្នុងស្រុកជាច្រើន នៅកំពង់ផែ Baltimore មានការព្រួយបារម្ភអំពីផលប៉ះពាល់លើកម្មកររាប់ពាន់នាក់ ជាអ្នកលើកដាក់ និងរើទំនិញលើនាវា។

យោងតាមការិយាល័យអភិបាលរដ្ឋ Maryland លោក Wes Moore បាននិយាយថា កំពង់ផែនេះបង្កើតការងារដោយផ្ទាល់ជាង ១៥.០០០ការងារ ដោយមានការងារបន្ថែម ១៤០.០០០ ការងារ ពឹងផ្អែកលើសកម្មភាពកំពង់ផែនេះ។
