ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថាចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន បានកើនឡើងដល់ ១៤៣នាក់។ មនុស្សប្រហែល៨០នាក់ផ្សេងទៀតដែលបានរងរបួសនៅក្នុងការឡោមព័ទ្ធដោយខ្មាន់កាំភ្លើង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

ការសម្លាប់រង្គាលកាលពីយប់ថ្ងៃសុក្រទី២២មីនា សប្ដាហ៍មុន នៅសាលប្រគំតន្ត្រីក្រូកាស (Crocus) ដែលជាអគារលក់ទំនិញ និងកន្លែងកម្សាន្តដ៏ធំទូលាយមួយនៅជាយក្រុងមូស្គូភាគពាយ័ព្យ គឺជាការវាយប្រហារដ៏សាហាវបំផុតលើដែនដីរុស្ស៊ីក្នុងរយៈពេលជិតពីរទសវត្សរ៍ មិនធ្លាប់មាន។ យ៉ាងហោចណាស់ខ្មាន់កាំភ្លើងបួននាក់ដែលកាន់កាំភ្លើងស្វ័យប្រវត្ត បានបាញ់រះទៅលើអ្នកទៅមើលការប្រគំតន្ត្រីរាប់ពាន់នាក់ ហើយបានដុតបំផ្លាញសាលនោះ។
សាខាមួយរបស់ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះអំពើហិង្សានេះ ខណៈទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានព័ត៌មានដែលបញ្ជាក់ថាក្រុមនេះជាអ្នកប្រព្រឹត្ត។ ចំណែកលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា ប្រទេសបារាំងក៏មានព័ត៌មានចារកម្មដែលចង្អុលទៅក្រុមរដ្ឋអ៊ីស្លាម IS ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។

ការធ្វើបច្ចុប្បន្នភាពស្ដីពីចំនួនអ្នកស្លាប់របស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីពុំបានបញ្ជាក់ពីចំនួនអ្នករបួសទេ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលលោក មីគហេល មូរ៉ាស្កូ (Mikhail Murashko)បាននិយាយកាលពីថ្ងៃពុធថាមនុស្ស ៨០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ និង២០៥នាក់ផ្សេងទៀតបានស្វែងរកការព្យាបាលដោយសារការវាយប្រហារនេះ។
សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី ឬហៅកាត់ថា FSB បាននិយាយថា ខ្លួនបានចាប់ខ្លួនមនុស្ស ១១នាក់នៅថ្ងៃបន្ទាប់ពីការវាយប្រហារ រួមទាំងខ្មាន់កាំភ្លើងដែលសង្ស័យចំនួន៤ នាក់ផងដែរ។
បុរសទាំងបួននាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិតាហ្ស៊ីគីស្ថាន បានបង្ហាញខ្លួននៅក្នុងតុលាការក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធការចោទប្រកាន់ពីបទភេរវកម្ម និងបង្ហាញស្នាមការវាយដំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានម្នាក់ទំនងជាសន្លប់ អំឡុងពេលសវនាការ៕
