រដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិនបាន សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” មានថវិកាសរុបចំនួន៤.៤០០.០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដែលការអនុម័តផ្តល់ជំនួយនេះជាផ្លូវការនៅចុងខែមីនានេះ។ នេះបើយោងតាមផេកហ្វេសបុករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ហេងរតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិ បាលសាធារណរដ្ឋប្រជាមានិតចិនដែលបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន៤.៤០០.០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលបានអនុម័តផ្តល់ជំនួយនេះជាផ្លូវការនៅចុងខែមីនានេះ។
ប្រភពខាងលើបានបន្តឲ្យដឹងថា គម្រោងក្នុងឆ្នាំ២០២៤នេះ មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣រួមមាន ខេត្ត កំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ១) ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមចំនួនជាង៣.៤០០ហិកតា ២) ការស្រាវជាវ និងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគ្រាប់បែកចង្កោមចំនួនប្រមាណ៩០០០ពហុកោណ(ទីតាំង) និង ៣) ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីនចំនួនជាង៣០០គោលដៅ។ គម្រោងនេះផ្តល់ផល ប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលដល់ប្រជា ពល រដ្ឋប្រមាណ៧០ម៉ឺននាក់។
សូមបញ្ជាក់ថា នេះជាគម្រោងជំនួយឆ្នាំទី២នៃគម្រោងជំនួយរយ:ពេល៣ឆ្នាំក្នុងខែមីនា ឆ្នាំ២០២៣ដល់ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣.២ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ភារម្យ





