ប្រធានាធិបតីរបស់ប្រទេសបារាំង និងប្រេស៊ីល កាលពីថ្ងៃពុធ បានចាប់ផ្តើមផលិតនាវាមុជទឹក នៅក្នុងប្រទេសអាមេរិកខាងត្បូង ជាមួយនឹងបច្ចេកវិទ្យារបស់ប្រទេសបារាំង នៅក្នុងកម្មវិធីមួយដែលមានគោលបំណងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ប្រទេសប្រេស៊ីលនៅចុងទសវត្សរ៍នេះ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធាននាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីនណាស៊ីញ៉ូ លូឡា ដាស៊ីលវ៉ា(Luiz Inacio Lula da Silva) បានចូលរួមក្នុងពិធីមួយនៅក្នុងកន្លែងផលិតនាវា អ៊ីតាហ្កៃ(Itaguai) ក្បែរទីក្រុង Rio de Janeiro ដើម្បីចាប់ផ្តើមផលិតនាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតទី៣ ក្នុងភាពជាដៃគូចំនួនទឹកក្រាក់ ១០ពាន់លានដុល្លារ។

កម្មវិធីនាវាមុជទឹក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០០៨ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីមុនរបស់ លោក Lula ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Naval Group គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំង។
លោក Macron កំពុងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសប្រេស៊ីល ក្នុងបំណងចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានជាប់គាំងក្នុងអំឡុងរដ្ឋាភិបាលមុនរបស់លោក ជែ បូសូណារ៉ូ (Jair Bolsonaro) ដែលប្រធានាធិបតីបារាំង បានរិះគន់ចំពោះការបរាជ័យក្នុងការការពារព្រៃជប់ភ្លៀងអាម៉ាហ្សូន។