ក្រសួងសុខាភិបាលប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្ត បានកើនឡើងដល់ ៣២.៤៩០នាក់។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោង កន្លងទៅនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៧៦នាក់ និង ១០២នាក់ផ្សេងទៀតបានរងរបួស។ នេះនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើង នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កើនឡើងដល់ ៣២.៤៩០នាក់ និងរបួសកើនឡើងដល់ ៧៤.៨៨៩ នាក់។

វាត្រូវបានគេនិយាយថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកក្នុងពេលមានការទម្លាក់គ្រាប់បែក និងខ្វះការការពារជនស៊ីវិល និងខ្វះបុគ្គលិករថយន្តគិលានសង្គ្រោះ។ សារព័ត៌មាន AFP បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃពុធ បានបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងមន្ទីរពេទ្យ Al-Shifa ភាគខាងជើងតំបន់ហ្កាហ្សា ព្រមទាំងមន្ទីរពេទ្យ Al-Amal និងតំបន់ជុំវិញនៃបរិវេណមន្ទីពេទ្យ Nasser ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្កាហ្សា។ ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយថា រថក្រោះ និងរថពាសដែក របស់អ៊ីស្រាអែលកំពុងប្រមូលផ្តុំ នៅជុំវិញបរិវេណមន្ទីពេទ្យ Nasser ប៉ុន្តែពុំទាន់បានចូលក្នុងមន្ទីរពេទ្យនៅឡើយ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់លំនៅឋានក្នុងទីក្រុង Rafah ភាគខាងត្បូង ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១១ នាក់។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីន៣នាក់ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀតបានរងរបួសដោយការទម្លាក់គ្រាប់បែក និងការបាញ់កាំភ្លើងរបស់អ៊ីស្រាអែលនៅទីក្រុង Jenin តំបន់West Bank ។
ប្រភពព័ត៌មានប៉ាឡេស្ទីននៅក្នុងស្រុកបាននិយាយថា កងកម្លាំងយោធាអ៊ីស្រាអែលដ៏ច្រើន អមដោយគ្រឿងចក្រពីរគ្រឿង បានសម្រុកចូលទីក្រុង Jenin និងទីក្រុង ហ្កាបាទីយ៉ា(Qabatiya) ភាគខាងត្បូង ក្នុងពេលមានការបាញ់ប្រហារគ្នាជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយច្រកចូលសំខាន់ៗទៅកាន់ទីក្រុង Qabatiya ត្រូវបានឈូសឆាយអំឡុងការវាយឆ្មក់ចូល។