ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានសហការជាមួយវិទ្យាស្ថាន អាយធី អេឃីដឺមី ស្ទេប និងអង្គការ ឌីវីវី អន្តរជាតិ រៀបចំវេទិកាថ្នាក់ជាតិ ស្តីពីការសិក្សាពេញមួយជីវិតឆ្នាំ២០២៤ ក្រោមប្រធានបទបច្ចេកវិទ្យាឌីជីថលបង្កឱកាសសិក្សាពេញជីវិត ដើម្បីជួយដល់ការអភិវឌ្ឍអាជីព ផលិតភាពការងារ កំណើនប្រាក់ចំណូល និងសមធម៌។

វេទិកាថ្នាក់ជាតិនេះ គឺជាលើកទី១ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសពិគ្រោះយោបល់ រៀបចំយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមនានាឆ្លើយតបការលើកកម្ពស់ការយល់ដឹងអំពីការសិក្សាពេញមួយជីវិត ការអភិវឌ្ឍជំនាញ និងការសិក្សាប្រកបដោយនវានុវត្តន៍ផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថល និងការអប់រំបរិយាបន្ន ដែលមានការចូលរួមពីក្រសួងស្ថាប័នជាសមាជិករបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញជីវិត និងដៃគូអភិវឌ្ឍន៍ជាង ៨០ ស្ថាប័ន ដើម្បីចូលរួមកិច្ចពិភាក្សា និងធ្វើបទបង្ហាញ។

ក្នុងពិធីបើកវេទិកានេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ឱកាសសិក្សាពេញមួយជីវិតតាមប្រព័ន្ធឌីជីថល នឹងជួយពន្លឿនការពង្រីកកម្មវិធីបណ្តុះបណ្តាល និងលទ្ធភាព និងលទ្ធភាពទទួលបានការអប់រំប្រកបដោយសមភាពប្រសើរជាងមុន។ លោកជំទាវ បានបន្ថែមថា ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យនេះក៏ទាមទារឲ្យមានការសហការពហុភាគីពាក់ព័ន្ធនានា ដើម្បីពង្រីកអក្ខរកម្ម និងការចូលប្រើប្រព័ន្ធឌីជីថលប្រកបដោយសមធម៌ អភិវឌ្ឍខ្លឹមសារមាតិកា ពាក់ព័ន្ធនឹងមូលដ្ឋាន ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រដល់អ្នកសិក្សា។

លោកស្រី Esther Mcfarelane ប្រធានផ្នែកអប់រំការិយាល័យអង្គការយូណេស្កូ ប្រចាំរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា តាមរយៈវេទិកាថ្ងៃនេះ អង្គប្រជុំនឹងជួយបង្កើតយុទ្ធសាស្រ្តជាតិសិក្សាពេញជីវិត និងក្របខ័ណ្ឌអភិបាលកិច្ច ធ្វើយ៉ាងណាជំរុញសន្ទុះកម្លាំងពលកម្មជំនាញដែលមានការវិវត្តឥតឈប់ឈរ ដើម្បីបំពេញតម្រូវការទីផ្សារការងារ។ លើសពីនេះទៀត ដើម្បីធានាបានថា គ្រប់ភាគីពាក់ព័ន្ធអាចយកទៅអនុវត្តបាន គាំទ្រដល់ការអភិវឌ្ឍកម្លាំងការងាររបស់ប្រទេសកម្ពុជាធានាកំណើនសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី


