សមាជិកសភាសហរដ្ឋអាមេរិក ដែលកំពុងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា នេះ បាននិយាយរំលឹកឡើងវិញពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន(Tsai Ing-wen) នៅទីក្រុងតៃប៉ិ សមាជិកសភាអាមេរិក លោក ជេក ប៊ឺកម៉ាន(Jack Bergman) មកពីគណបក្សសាធារណរដ្ឋ ដែលមានតំណែងនៅគណៈកម្មាធិការអង្គភាពសេវាប្រដាប់អាវុធរបស់សភា និងជាប្រធានអនុគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការពិសេស បាននិយាយថា គណៈប្រតិភូរបស់លោក នៅទីនេះ ដើម្បីបង្ហាញពីការគាំទ្រដែលនៅតែបន្តរបស់សភាអាមេរិក សម្រាប់កោះតៃវ៉ាន់។

លោក Bergman ដែលអមដំណើរដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក ដូណាល់ ណ័រក្រូស(Donald Norcross) និងលោក ជីមី ប៉ាណេតា(Jimmy Panetta) បាននិយាយថា ពួកគេនឹងជួបជាមួយបុគ្គលិកសហរដ្ឋអាមេរិក ខណៈស្នាក់នៅកោះតៃវ៉ាន់ ទោះបីជាមិនបានបញ្ជាក់ច្បាស់ថាតើពួកគេនោះជាយោធា ឬជាជនស៊ីវិល។
សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់សព្វាវុធសំខាន់បំផុតរបស់កោះតៃវ៉ាន់ និងជាអ្នកគាំទ្រអន្តរជាតិ ទោះបីជាពុំមានទំនាក់ទំនងផ្នែកការទូតជាផ្លូវការក៏ដោយ។
រដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ បានច្រានចោលការទាមទារសិទ្ធដែនអធិបតេយ្យភាពរបស់ប្រទេសចិន ដោយនិយាយថា មានតែប្រជាជនរបស់កោះនេះប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ។