ប្រជាជនហ្ស៊កដានី រាប់រយនាក់ បានបន្តប្រមូលផ្តុំគ្នានៅជិតស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុង Amman កាលពីថ្ងៃពុធ ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ក្រុមអ្នកតវ៉ា បានស្រែកពាក្យផ្សេងៗ កាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន។

សន្ធិសញ្ញាសន្តិភាព របស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល គឺពុំមានការគាំទ្រយ៉ាងទូលំទូលាយនោះទេក្នុងចំណោមពលរដ្ឋជាច្រើន ដែលមើលឃើញថាការធ្វើឱ្យមានប្រក្រតីភាព ជាការក្បត់ទៅនឹងសិទ្ធិរបស់ជនរួមជាតិប៉ាឡេស្ទីនរបស់ពួកគេ។
អ្នកតវ៉ា លោក Imad al Malhi បាននិយាយថា យើងកំពុងស្នើឱ្យរដ្ឋាភិបាល ប្រទេសហ្ស៊កដានី លុបចោលសន្ធិសញ្ញា Wadi Araba ព្រោះថា សន្ធិសញ្ញានេះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ របស់ប្រទេសហ្ស៊កដានី។

ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមបាតុករប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចក្តៅនៃការតវ៉ាប្រឆាំងអ៊ីស្រាអែលជាយូរណាស់មកហើយនៅពេលមានភាពចលាចលនៅក្នុងតំបន់ហ្កាហ្សា និងដែនដីប៉ាឡេស្ទីនដែលត្រូវបានចូលគ្រប់គ្រង។
យោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បាននិយាយថា អ៊ីស្រាអែល បានបើកការវាយលុក និងបាញ់ផ្លោងលើតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៣២.៤៩០នាក់ ជាជម្លោះដ៏ឃោឃៅបំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលជាក្រុមអ៊ីស្លាមនិយម គ្រប់គ្រងដែនដីហ្កាហ្សា។
ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់។