ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេសខ្នាតយក្ស ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ១.៣៥៥នាក់ ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ បន្ដថា បន្ទាប់ពីវិបត្ដិជំងឺកូវីដ-១៩ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុកអ្នកដំណើររាប់រយ រាប់ពាន់នាក់ ចូលចតជាបន្ដបន្ទាប់នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុ និងក្នុងព្រះរាជាណាចក្រកម្ពុជា។ នាវានេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ១.៣៥៥នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ៨៨៦ និងនាវិកសរុបចំនូន ៤៦៩នាក់ ជាតិសាសន៍ដែលច្រើនជាងគេបង្អស់ គឺសញ្ជាតិអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី បានធ្វើដំណើរមកពីប្រទេសថៃ ហើយនឹងចាកចេញដំណើរបន្ដទៅប្រទេសវៀតណាម នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។
លោក បន្ដថា ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចពិភពលោកបានដំណើរការឡើងវិញ ក្រោមដំបូលសុខសន្ដិភាពនៅព្រះរាជាណាចក្រកម្ពុជា នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៍ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍មួយចំនួន ដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ៕ ដោយ ៖ ប៊ុនថា



