ភ្នំពេញ៖ ឯកឧត្ដម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ បានឲ្យដឹងថា ថៃស្នើឲ្យកម្ពុជាពន្លឿនការបញ្ជូនពលករ១ពាន់នាក់ទៅធ្វើការនៅប្រទេសថៃ ក្នុងនោះភាគីនឹងទទួលបន្ទុកលើការចំណាយធ្វើចត្តាឡីស័ក រួមទាំងផ្តល់ការតាមដានសុខភាពជាប្រចាំជូនពលករ។
ថ្លែងក្នុងសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅ ក្នុងជំនួបពិភាក្សារវាងអាជ្ញាខេត្តបាត់ដំបង និងខេត្តចាន់ថាក់បុរី ភាគីថៃ បានស្នើឲ្យកម្ពុជាបញ្ជូនពលករចំនួន៥០០នាក់ ដើម្បីទៅបន្តការងារនៅប្រទេសពាក់ព័ន្ធនឹងវិស័យកសិកម្ម ប៉ុន្តែ ទន្ទឹមនឹងការស្នើពីភាគីថៃ កម្ពុជាបានសម្រេចបន្ថែមចំនួនពលករដែលនឹងត្រូវនៅធ្វើការប្រទេសថៃចំនួន១ពាន់នាក់ ខណៈភាគីថៃ និងសមាគមអ្នកវិនិយោគចម្ការមៀនថៃឯកភាពនឹងចំណាយការធ្វើចត្តាឡីស័កជូនបងប្អូនពលករ។
ឯកឧត្ដម អ៊ូក សោភ័ណ បានគូសបញ្ជាក់ទៀតថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ភាគីកម្ពុជា-ថៃនឹងសម្របសម្រួលការចេញចូល និងអនុវត្តយ៉ាងតឹងរឹងចំពោះវិធានសុខាភិបាល ដូចជាការពិនិត្យសុខភាពជាប្រចាំពីអាជ្ញាធរថៃផងដែរ។
ដោយឡែក អំឡុងកិច្ចប្រជុំរវាងឯកឧត្ដម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ជាមួយឯកឧត្ដម សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ កាលពីដើមខែតុលានេះ ភាគីថៃបានឯកភាពជួយសម្រួលដល់ពលករកម្ពុជាដែលបានដំណើរការចូលមកធ្វើការក្នុងប្រទេសថៃតាមប្រព័ន្ធMoU ដើម្បីអាចធ្វើការបានដោយបណ្ដោះអាសន្ននៅប្រទេសថៃ, បញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ, សម្រួលបើកឱ្យនាំចូលពលករបរទេសចូលមកធ្វើការក្នុងប្រទេសថៃតាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយលើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃផងដែរ៕ អត្ថបទ៖ សេក ឧត្តម
