ដើម្បីកាត់បន្ថយកាកសំណល់អាហារ និងអនុវត្តវិធីសាស្រ្តប្រកបដោយនិរន្តរភាព អំឡុងខែពិធីបុណ្យតមអាហាររ៉ាម៉ាដានឆ្នាំនេះ អារ៉ាប់រួម បានចុះយុទ្ធនាការបរិច្ចាគអាហារសល់ដល់អ្នកដែលត្រូវការ ។
ដោយបានចុះយុទ្ធនាការកាលពីឆ្នាំ ២០១៧ UAE Food Bank ដែលជាអង្គការសប្បុរសធម៌មិនរកប្រាក់កម្រៃ បានសន្យាថានឹងកាត់បន្ថយកាកសំណល់ចំណីអាហារឲ្យបាន ៣០ភាគរយនៅឆ្នាំ ២០២៧ ហើយនិងបង្កើនទ្វេដងភាពជាដៃគូក្នុងស្រុក និងសកលលោក ដើម្បីគ្រប់គ្រងអតិរេកអាហារ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ។
អ្នកស្រី Manal Bin Yaroof Al Suwaidi គឺជាប្រធានប្រតិបត្តិអង្គការ UAE Food Bank និយាយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពួកយើងបានកត់សំគាល់ឃើញថា កាកសំណល់ចំណីអាហារកើនឡើង អំឡុងខែពិសិដ្ឋរ៉ាម៉ាដាន ។
UAE Food Bank បានជំរុញឲ្យអ្នកស្រុក ផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារបរិច្ចាគអាហារសល់ ឬផលិតផលសល់ តាមរយៈក្រុមសប្បុរសធម៌អន្តរជាតិ ឬក្នុងស្រុក ដើម្បីឲ្យពួកគេបានចែកចាយដល់អ្នកដែលត្រូវការ ។
អ្នកស្រី Yaroof ដែលជជែកពីបណ្តើមគំនិតមួយក្នុងចំណោមបណ្តើមគំនិតជាច្រើនទៀតរបស់ពួកគេ បាននិយាយថា ចំនួនអាហារចែកចាយជាមធ្យមប្រចាំថ្ងៃរបស់ពួកយើងមានអាហារចំនួន ១៦៦.០០០ ។
អ្នកស្រីបន្តថា ពួកយើងសង្ឃឹមថានៅដំណាច់ខែពិធីបុណ្យរ៉ាម៉ាដាន ពួកយើងនឹងសម្រេចបានគោលដៅអាហារចែកចាយចំនួន ៥លាន ៕