ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត F1 អង់គ្លេសជើងឯកពិភពលោក ៧សម័យ Lewis Hamilton បានរងការប្រមាថ និងរើសអើងខ្លាំងក្រោយឈ្នះការប្រកួត F1 លើទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យនៅទីលាន Silverstone។

Lewis Hamilton បានរងការពិន័យ ១០វិនាទីបន្ទាប់ពីបង្កឱ្យ Max Verstappen ខ្ទាតចេញពីទីលានបោះបង់ចោលការប្រកួត។ កីឡាកររបស់ក្រុម Red Bull, Max Verstappen បានហៅ Hamilton ថាជាមនុស្សខ្វះការគោរព និងមិនមែនជាអ្នកកីឡាឡើយ ក្រោយឃើញកីឡាករអង់គ្លេសរូបនេះបង្កកំហុសហើយយកឈ្នះការប្រកួត និងបានអបអរសាទរជ័យជំនះរបស់ខ្លួនដោយគ្មានការខ្មាសអៀន។ ក្រោយការប៉ះទង្គិចរបស់អ្នកទាំង២ ដែលជាគូប្រជែងនឹងគ្នាក្នុងការប្រជែងជើងឯកពិភពលោកឆ្នាំនេះ នៅលើបណ្តាញសង្គមក៏បានផ្ទុះឡើងការប្រមាថ និងរើសអើងខ្លាំងលើ Lewis Hamilton។
ជាមួយគ្នានោះដែរក្រុមប្រណាំង Red Bull ក៏បានសំដែងអារម្មណ៍មិនពេញចិត្ត និងសោកស្ដាយដែលមានជនអគតិធ្វើរឿងបែបនេះលើ Hamilton។ ពាក្យប្រមាថ និងរើសអើងលើសពីភាពជាកីឡាបានបាញ់សំដៅមកកាន់ Hamilton វិញម្តង បន្ទាប់ពីមុននេះកីឡាករបាល់ទាត់អង់គ្លេស ៣នាក់រួមមាន Marcus Rashford, Jadon Sancho និង Bukayo Saka គឺជាគោលដៅរើសអើងបន្ទាប់ពីអ្នកទាំង៣ ស៊ុតបាល់ ១១ម៉ែត្រមិនចូលនៅវគ្គផ្តាច់ព្រ័ត្រ Euro ២០២០៕
អត្ថបទ៖នាង សុភាវុធ