សិស្សសាលានៅប្រទេសនីហ្សេរីយ៉ា ជាង ១០០នាក់ ដែលត្រូវបានចាប់ពង្រត់ ត្រូវបានស្វាគមន៍ការត្រឡប់មកលំនៅឋានវិញ ដោយសហគមន៍មូលដ្ឋានរបស់ពួកគេនៅក្នុងរដ្ឋ Kaduna ភាគពាយ័ព្យ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានរំដោះដោយកងទ័ព។ ហ្វូងមនុស្សដ៏ច្រើន បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Kuriga ដើម្បីសាទរការវិលត្រឡប់មកវិញរបស់ពួកគេ។

យោធាបាននិយាយថា កងទ័ពប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ ទី២៤ ខែ មីនា បានជួយសង្គ្រោះសិស្សសាលា និងបុគ្គលិក ដែលត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងពីសាលារៀនមួយកន្លែងនៅភាគខាងជើងរបស់ប្រទេសកាលពីដើមខែនេះ ខណៈការរំដោះនៃធ្វើឡើងប៉ុន្មានថ្ងៃមុនថ្ងៃកំណត់ដើម្បីបង់ប្រាក់លោះចំនួន៦៩០.០០០ដុល្លារ។ កាលពីថ្ងៃច័ន្ទ ទី២៥ ខែមីនា សិស្សសាលាដែលត្រូវបានដោះលែង បានមកដល់វិមានរដ្ឋាភិបាលរដ្ឋ មួយថ្ងៃបន្ទាប់ពីការរំដោះរបស់ពួកគេត្រូវបានប្រកាស។

ការចាប់ពង្រត់សិស្ស ចំនួន២៨៧នាក់ កាលពីថ្ងៃទី ៧ ខែមីនា នៅក្រុង Kuriga គឺជាការចាប់ពង្រត់ទ្រង់ទ្រាយធំលើកដំបូងនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិក ចាប់តាំងពីឆ្នាំ ២០២១មក ដែលនៅឆ្នាំនោះសិស្សជាង ១៥០នាក់ ត្រូវបានគេចាប់ពង្រត់ពីវិសាលាទ្យាល័យមួយកន្លែងក្នុងទីក្រុង Kaduna។
ការចាប់ពង្រត់សិស្សសាលា នៅក្នុងប្រទេសនីហ្សេរីយ៉ា បានចាប់ផ្តើមជាងមួយទសវត្សរ៍មកហើយ នៅពេលដែលក្រុមជីហាដ Boko Haram បានចាប់ពង្រត់ក្មេងស្រីចំនួន ២៧៦នាក់ ពីសាលារៀនមួយក្នុងទីក្រុង Chibok នៅភាគឦសានរដ្ឋ Borno ហើយរហូតមកដល់ពេលនេះក្មេងស្រីមួយចំនួននៅមិនទាន់ត្រូវបានដោះលែងនៅឡើយ។
ការចាប់ពង្រត់ធ្វើឡើងដោយក្រុមជនអន្ធពាលឧក្រិដ្ឋជន ទាមទារប្រាក់លោះ បានក្លាយទៅជារឿងស្ទើរតែរាល់ថ្ងៃ ជាពិសេសនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយក្រុមគ្រួសារ និងសហគមន៍ ត្រូវតែសន្សំប្រាក់ដើម្បីបង់ប្រាក់លោះ ដែលជារឿយៗបង្ខំពួកគេឱ្យលក់ដីស្រែចំការ គោក្របី និងគ្រាប់ធញ្ញជាតិ ដើម្បីទទួលបានការដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគេ។