ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរវាងអ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរ។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក ម៉ា ចាវស៊ូ (Ma Zhaoxu) បាននិយាយជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ខត ខេមបេល (Kurt Campbell) តាមទូរស័ព្ទ តបតាមសំណើរបស់ភាគីអាមេរិកកាលពីថ្ងៃពុធ។
អ្នករាយការណ៍ព័ត៌មានអំពីការសន្ទនាទូរសព្ទនេះ និងជាអ្នកនាំពាក្យក្រសួងការបរទេសចិនបានលោក លីន ជៀន (Lin Jian) និយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកស្តីពីទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន និងបញ្ហាអន្តរជាតិ និងតំបន់ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
លោក Lin បាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សានេះ លោក Ma បានរៀបរាប់លម្អិតអំពីជំហររបស់ចិនចំពោះកោះតៃវ៉ាន់ ទីក្រុងហុងកុង សមុទ្រចិនខាងត្បូង និងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
យោងតាមអ្នកនាំពាក្យ ខាងលើ លោក Ma បានស្នើឱ្យភាគីអាមេរិក គោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមបីចំណុច រវាងចិន-អាមេរិក និងគោរពផលប្រយោជន៍ស្នូលរបស់ចិន។
លោកក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការអូសទាញបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រឡូកប្រឡាក់ក្នុងបញ្ហានយោបាយ និងសន្តិសុខ ហើយបញ្ឈប់កកូរកកាយដោយគ្មានការទទួលខុសត្រូវចំពោះទីក្រុងហុងកុងទៀត ៕