កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន និងក្រសួងមន្ទីរពាក់ព័ន្ធ ជួយធ្វើយ៉ាងណា ការពារផ្លូវ ស្ពាន លូដែលក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើជូនរួចហើយ អោយនៅគង់វង្សបានល្អ កុំអោយរថយន្តលើសទម្ងន់បើកលើផ្លូវទាំងនោះឡើយ ម្យ៉ាងទៀតប្រជាពលរដ្ឋក៏ត្រូវម្ចាស់ការកុំយកដីចំណីផ្លូវធ្វើកម្មសិទ្ធិ។
ឯកឧត្តម ប៉ាក់ សុខុម បានបន្តថា៖ កន្លងមក មានរថយន្តដឹកលើសទម្ងន់ជាច្រើនបានប្រើប្រាស់ផ្លូវដែលក្រសួងអភិវឌ្ឍន៍ជនបទបានកសាងជូនប្រជាពលរដ្ឋរួចទាំងផ្លូវបេតុង ទាំងផ្លូវកៅស៊ូDBST ផ្លូវក្រាលគ្រួសក្រហម ធ្វើអោយខូចខាតអស់ជាច្រើន ម្យ៉ាងទៀតដីចំណីផ្លូវមួយចំនួនក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនតូច យកធ្វើជាកម្មសិទ្ធិ និងយកប្រយោជន៍ពីទីនោះ នាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយផងដែរ។ ករណីខាងលើនេះ ឯកឧត្តមបានស្នើអោយប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន និងក្រសួងមន្ទីរពាក់ព័ន្ធ ជួយធ្វើយ៉ាងណា ការពារផ្លូវ ស្ពាន លូ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើជូនរួចហើយ អោយនៅគង់វង្សបានល្អ ជាពិសេសទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ទៅសាលារៀន ទៅមន្ទីរពេទ្យ និងការដឹកជញ្ជូនកសិផលរបស់បងប្អូន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវជាច្រើនខ្សែនៅតាមជនបទ បានប្រែក្លាយពីផ្លូវរទេះ ផ្លូវលំ ផ្លូវមានជង្ហុគ មានភក់ ទៅជាផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ស្ទើគ្រប់ទីកន្លែង ដែលនាំអោយប្រជាពលរដ្ឋមានជីវភាពធូធារមួយកម្រឹត។
សមិទ្ធិផលដែលមន្ទីរអភិវឌ្ឍន៍ជនបទសម្រេចបាននាពេលកន្លងមកមាន ស្ថាបនាផ្លូវជនបទសរុប៦៥៦ខ្សែ ស្មើនឹងប្រវែងជាង១៨៥៥គីឡូម៉ែត្រ ក្នុងនោះផ្លូវជនបទក្រាលកៅស៊ូ២ជាន់DBST មានចំនួ៥៩ខ្សែ សរុបជាង៤២១គីឡូម៉ែត្រ, ផ្លូវក្រាលគ្រួសក្រហម៥៦៦ខ្សែ, ផ្លូវក្រាលថ្មភ្នំ១១ខ្សែ, និងផ្លូវដីស២១ខ្សែ ។ ការកសាងស្ពាន លូប្រអប់ លូមូលបានរាប់សិបកន្លែងទៀត។ រីឯការសាងសង់អណ្តូងបានចំនួន៣៣៩៣អណ្តូង និងបានសាងសង់បង្គន់ជូនប្រជាពលរដ្ឋបានជាង១២ម៉ឺន៧ពាន់បង្គន់ផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា












