មន្រ្តីរដ្ឋាភិបាលមួយរូបនិយាយនៅថ្ងៃសុក្រនេះថា អូស្រ្តាលី បានស្វាគមន៍ការដកចេញពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងនឹងការឧបត្ថម្ភធនលើស្រាទំពាំងបាយជូអូស្រ្តាលី ដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មរយៈពេល ៣ឆ្នាំ និងផ្តល់ការសង្រ្គោះរង់ចាំជាយូរដល់ក្រុមហ៊ុនផលិត ។
ការដំឡើងពន្ធដែលមានរហូតដល់ ២១៨,៤ភាគរយ ត្រូវបានដាក់លើកដំបូងកាលពីខែមីនា ឆ្នាំ ២០២១ សម្រាប់រយៈពេល ៥ឆ្នាំ ជាមួយនឹងរបាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញអូស្រ្តាលី ពេលដែលទំនាក់ទំនងប្រទេសទាំងបានធ្លាក់ចុះ ក្រោយទីក្រុងកាន់បេរ៉ា អំពាវនាវឲ្យមានការស៊ើបអង្កេតលើដើមកំណើតជំងឺ COVID-19 ។
ទំនាក់ទំនងប្រទេសទាំង ២កាន់តែល្អប្រសើរឡើងច្រើន ចាប់តាំងពីឆ្នាំមុនរហូតមក នាំឲ្យចិនដកចេញឧបសគ្គពាណិជ្ជកម្មលើទំនិញអូស្ត្រាលី ចាប់ពីស្រូវសាលី រហូតដល់ធ្យូងថ្ម ។
លោក Tim Ayres គឺជាអនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអូស្រ្តាលី និយាយថា បច្ចុប្បន្នរដ្ឋាភិបាលរបស់លោកកំពុងផ្តោតសំខាន់លើការដកចេញឧបសគ្គលើការនាំចេញបង្កងស្រស់ និងសាច់គោទៅកាន់ប្រទេសចិន សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួន ៕