បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមយុទ្ធនាការប្រកួតមិត្តភាពកំដៅសាច់ដុំ ត្រៀមរដូវកាលថ្មីកាលពីថ្ងៃអាទិត្យដោយយកឈ្នះ Derby County ដែលដឹកនាំដោយ Wayne Rooney ២-១។ Tanith Chong និងកីឡាករវ័យ ១៩ឆ្នាំ Facundo Pellestri រកបានម្នាក់មួយគ្រាប់ក្នុងជ័យជំនះនេះ។

ប្រកួតនោះដែរក៏មានវត្តមានខ្សែបម្រើស្លាបអង់គ្លេស Jesse Lingard ផងដែរ ខណៈក្រោយចប់ការប្រកួតអ្នកចាត់ការ Ole Gunnar Solskjaer បានបញ្ជាក់ថា កីឡាករវ័យ ២៨ឆ្នាំរូបនេះស្ថិតក្នុងគំរោងរបស់លោកសំរាប់រដូវកាលថ្មី។ វត្តមានរបស់ Lingard ដែលបានផ្លាស់ប្ដូរបានបង្ហាញទំរង់លេងអស្ចារ្យមិនខុសពីពេលនៅ West Ham រដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនោះទេ។ អ្នកចាត់ការសញ្ជាតិណ័រវេសបានបន្តថា Jesse បានត្រលប់មកវិញហើយ ហើយលោកសប្បាយរីករាយនៅពេលលឺថា Jesse ប្តេជ្ញាចិត្តជាមួយក្លិប និងប្រយុទ្ធដើម្បីជំរើសដំបូងក្នុងក្រុម។
រំលឹកថា Jesse Lingard ត្រូវបាន Manchester United បញ្ចេញឱ្យ West Ham ខ្ចីក្រោមការដឹកនាំរបស់លោក David Moyes។ ត្រឹមពាក់កណ្តាលរដូវកាល Lingard បានក្លាយជាកីឡាករនាំលេងម្នាក់នៅទីនោះដោយបង្ហាញខ្លួនសរុប ១៦ប្រកួតរកបាន ៩គ្រាប់ និង ៤បាល់បញ្ជូន។ West Ham ក៏បានព្យាយាមចរចាជាមួយ Manchester United ដើម្បីទិញផ្តាច់កីឡាករវ័យ ២៨ឆ្នាំរូបនេះដែរ តែត្រូវបានក្លិបនៅ Old Trafford ដាក់តំលៃថ្លៃពេក៕
អត្ថបទ៖នាង សុភាវុធ