ពោធិ៍សាត់ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំខ្នារទទឹង ស្រុកបាកាន បានរៀបចំធ្វើពិធីបុណ្យកត្តញ្ញូរួមគ្នា ជូនដល់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន៣០០នាក់ដែលអញ្ជើញមកពីតាមបណ្តាភូមិនានា។ ពិធីបុណ្យនេះត្រូវបានរៀបចំធ្វើនៅក្នុងបរិវេណវត្ត វត្តតំណាក់ធ្នង់ ក្នុងឃុំខ្នារទទឹង ក្រោមអធិបតីភាព ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន និងដោយមានការចូលរួមពីកូនៗឬចៅៗ របស់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យទាំង៣០០នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ-ឃុំ សរុបអ្នកចូលរួមទាំងអស់ប្រមាណ៧០០នាក់ ។
ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងស្របតាមបែបបទព្រះពុទ្ធសាសនានិងប្រពៃណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃធ្វើកិច្ចកត្តញ្ញូរវាងកូនចៅ និងលោកយាយលោកតា និងព្រះសង្ឃធ្វើពិធីប្រោះព្រំ។ ក្នុងនោះដែរ ក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារទទឹង ក៏បានរៀបចំជាថវិកា និងសម្ភារៈរួមមាន សំលៀកបំពាក់ ស្បែកជើង និងរូបថតដាក់ស៊ុមជាដើម ដើម្បីឲ្យកូនចៅ ជូនដល់លោកយាយលោកតាទាំង៣០០នាក់ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ការរៀបចំពិធីបុណ្យបុណ្យកត្តញ្ញូរួមគ្នា ជូនដល់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងក្នុងពេលនេះគឺ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ។ ក្នុងគោលបំណង គឺដើម្បីជាការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាធនធានមនុស្សដ៏មានតម្លៃ ដោយបានផ្តល់ដំបូន្មានមានល្អៗ និងសំបូរទៅដោយបទពិសោធន៍ព្រមទាំងស្នាដៃរាប់មិនអស់ក្នុងសង្គម ដល់កូនចៅគ្រប់ជំនាន់ ជាពិសេសគឺបានចូលរួមថែរក្សាការពារនូវតម្លៃប្រពៃណីវប្បធម៌ខ្មែរពីបុរាណដល់កូនចៅជំនាន់ក្រោយៗ ជាពិសេសគឺកំឡុងពេលរដូវចូលឆ្នាំខ្មែរ ។ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងឃុំខ្នារទទឹង មានការគ្រាំទ្រក្រុមការងារនឹងរៀបចំពិធីបុណ្យនេះនៅឆ្នាំក្រោយៗទៀត ។ ឯកឧត្តម ទី នរិន្ទ បានបន្តថា បច្ចុប្បន្នក្នុងស្រុកបាកានក្រុមការងារតាមឃុំចំនួន២បានរៀបចំពិធីបុណ្យនេះរួចហើយគឺឃុំមេទឹក និងឃុំខ្នារទទឹង ហើយតាមឃុំផ្សេងទៀតនឹងត្រូវរៀបចំធ្វើជាបន្តបន្ទាប់ឲ្យបានមុនពេលបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ៕
អត្ថបទ ៖ ភិរុណ ពៅ
















