អ៊ីស្រាអែល ៖ ប្រជាជនហ្ស៊កដានី រាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅជិតស្ថានទូតអ៊ីស្រាអែល កាលពីថ្ងៃសុក្រ នៅក្នុងថ្ងៃទី៦នៃការតវ៉ាទ្រង់ទ្រាយធំធំប្រឆាំងអ៊ីស្រាអែល ដោយអំពាវនាវឱ្យបញ្ចប់សន្ធិសញ្ញាសន្តិភាពដែលពុំមានការគាំទ្ររបស់ប្រទេសហ្ស៊កដានី ជាមួយប្រទេសជិតខាងខ្លួននៅភាគខាងលិច។
ក្រុមបាតុករនៅក្នុងទីក្រុង Amman បានកាន់ទង់ជាតិប៉ាឡេស្ទីន ហើយបានស្រែកគាំទ្រប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
ស្ថានទូតអ៊ីស្រាអែល ជាកន្លែងដែលក្រុមបាតុករបានមកប្រមូលផ្តុំគ្នារយៈពេល៦ថ្ងៃជាប់ៗគ្នា បានក្លាយជាចំណុចក្តៅមួយជាយូរមកហើយ នៅពេលដែលអំពើហិង្សាកាន់តែខ្លាំងឡើងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
សន្តិសុខដ៏រឹងមាំត្រូវបានដាក់ដើម្បីទប់ស្កាត់ចំនួនបាតុករ ហើយបាតុកម្មបានធ្វើឡើងដោយសន្តិវិធី មិនដូចកាលពីដើមសប្តាហ៍នេះទេ ដែលនៅពេលនោះនគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងវាយអ្នកតវ៉ាដោយដំបង ដើម្បីការពារពួកគេមិនឲ្យសម្រុកចូលស្ថានទូត។
អាជ្ញាធរប្រទេសហ្ស៊កដានី បានបង្កើនការចាប់ខ្លួន និងទប់ស្កាត់បាតុករនៅក្នុងយុទ្ធនាការរយៈពេលជាច្រើនខែ ដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សអន្តរជាតិ អង្គការលើកលែងទោសអន្តរជាតិ និង អង្គការឃ្លាំមើលសិទ្ធមនុស្ស ចំពោះការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។

