រុស្ស៊ី ៖ មន្ត្រីរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានចាប់ខ្លួនមនុស្សបីនាក់ដែលរៀបចំផែនការវាយប្រហារនៅភាគខាងត្បូងរបស់ប្រទេស រយៈពេលមួយសប្តាហ៍បន្ទាប់ពីការវាយប្រហារនៅសាលប្រគំតន្ត្រីទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤នាក់។ ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB បានរាយការណ៍ថា ទីភ្នាក់ងារបានបញ្ឈប់សកម្មភាពភេរវករបីនាក់ មកពីប្រទេសអាស៊ីកណ្តាល។
ជនសង្ស័យទាំងបីនាក់ មានផែនការប្រព្រឹត្តសកម្មភាពភេរវកម្ម ដោយប្រើសប្រាស់ឧបករណ៍បំផ្ទុះនៅកន្លែងសាធារណៈក្នុងតំបន់ Stavropol។
ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បាននិយាយថា សារធាតុផ្សំសម្រាប់ឧបករណ៍បំផ្ទុះត្រូវបានផលិតឡើង និងសារធាតុគីមី ត្រូវបានរកឃើញនៅក្នុងលំនៅឋានរបស់ជនសង្ស័យម្នាក់។ តំបន់ Stavropol ស្ថិតនៅក្នុងតំបន់ Caucasus នៅភាគខាងត្បូងប្រទេសរុស្ស៊ី។
ការប្រកាសនេះ បានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីការសម្លាប់រង្គាលនៅក្នុងសាលប្រគំតន្ត្រី Crocus City នៅជាយក្រុងមូស្គូ។ មួយសប្តាហ៍ក្រោយមក វិមានក្រឹមឡាំងបានទទួលស្គាល់ថា ក្រុមអ៊ីស្លាមជ្រុលនិយម បានប្រព្រឹត្តការសម្លាប់រង្គាលនេះ ដោយបានចាប់ខ្លួនមនុស្សចំនួន ១២ នាក់ រួមទាំងអ្នកវាយប្រហារដែលត្រូវបានចោទប្រកាន់ចំនួន ៤ នាក់មកពីប្រទេសតាហ្សីគីស្ថាន។
ប៉ុន្តែរុស្ស៊ីមានកំហឹងយ៉ាងខ្លាំងចំពោះសត្រូវអ៊ុយក្រែន ដោយទទូចថាទីក្រុងគីវ ជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការវាយប្រហារនេះ ខណៈពុំបានផ្តល់ភស្តុតាង។

