អ៊ីរ៉ាក់៖ អ្នកស្រុកបាដាដបានអុជទៀនរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងការវាយប្រហារដោយគ្រាប់បែកតាមផ្លូវកាលពីថ្ងៃចន្ទ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ និងរាប់សិបនាក់ទៀតរងរបួស។

យោធាអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងផ្សារ Wahailat ក្នុងក្រុង Sadr។ មន្ត្រីវេជ្ជសាស្ត្រពីរនាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងការផ្ទុះដ៏ខ្លាំងក្លានេះ។ ការផ្ទុះនេះបានកើតឡើងមួយថ្ងៃមុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Eid al-Adha នៅពេលដែលផ្សារកំពុងណែនណាន់តាន់តាប់ ដោយអ្នកដើរផ្សាររកទិញអំណោយ និងគ្រឿងទេសផ្សេងៗ។ មិនមានការអះអាងទទួលខុសត្រូវភ្លាមៗ ចំពោះការបំផ្ទុះគ្រាប់បែកនេះទេ ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាមបានអះអាងថា មានការវាយប្រហារស្រដៀងគ្នានៅក្នុងតំបន់នោះពីមុន។
សេចក្ដីថ្លែងការណ៍យោធាបាននិយាយថា លោកនាយករដ្ឋមន្ត្រី Mustafa al-Kadhimi បានបញ្ជាមេបញ្ជាការកងវរសេនាធំនគរបាលសសហព័ន្ធ ទទួលខុសត្រូវចំពោះតំបន់ផ្សារដែលកំពុងស្ថិតក្រោមការវាយប្រហារនេះ។ សេចក្ដីថ្លែងការណ៍យោធាក៏បាននិយាយផងដែរថា ការស៊ើបអង្កេតត្រូវបានចាប់ផ្ដើមធ្វើឡើងហើយដែរ៕
អត្ថបទ៖ សុខមាន