ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ក្នុងប្រទេសស៊ូដង់ បានប្រឈមមុខទៅនឹងការរាំងស្ទះ ខណៈការប៉ះទង្គិចគ្នាយ៉ាងឃោឃៅរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បន្តធ្វើឱ្យវិបត្តិស្បៀងអាហារ និងវិបត្តិសុខភាពធ្លាក់ចុះធ្ងន់ធ្ងរ ដែលគ្របដណ្តប់លើទឹកដីដែលហែកហួរដោយសង្គ្រាមមួយនេះ។ ភាគីសង្រ្គាម កំពុងចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការរារាំងប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌។ កាលពីថ្ងៃសុក្រ ក្រសួងការបរទេសរបស់ប្រទេសស៊ូដង់ បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស ថាបានរារាំងរថយន្តរបស់មូលនិធិកុមារអង្គការសហប្រជាជាតិជាច្រើនគ្រឿង ដែលដឹកជំនួយមនុស្សធម៌ធ្វើដំណើរទៅកាន់ទីក្រុង El Faser។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបាននិយាយថាកងកម្លាំងគាំទ្ររហ័ស បានស្ទាក់ចាប់រថយន្តដឹកជំនួយដែលត្រូវបានបញ្ជូនទៅដោះស្រាយវិបត្តិស្បៀងអាហារ និងសុខភាពនៅក្នុងជំរំជនភៀសខ្លួន ដោយផ្តោតជាក់លាក់លើការប្រយុទ្ធប្រឆាំងកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ។
យោងតាមក្រសួងបានឲ្យដឹងថា កងកម្លាំងគាំទ្ររហ័ស បានដាក់ពង្រាយកងកម្លាំងនៅជិតទីក្រុង Mellit ដើម្បីរារាំង និងចាប់ក្បួនរថយន្តមនុស្សធម៌។ កងកម្លាំងគាំទ្ររហ័ស (RSF) សម្រាប់ផ្នែករបស់ខ្លួន បានចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងសម្ព័ន្ធមិត្ត កំពុងព្យាយាមប្រើប្រាស់ការដឹកជញ្ជូនជំនួយមនុស្សធម៌ សម្រាប់ការដឹកជញ្ជូនអាវុធ និងឧបករណ៍យោធា។
ខណៈកងកម្លាំងគាំទ្ររហ័សនិងកងកម្លាំងប្រដាប់អាវុធស៊ូដង់ កំពុងមានជម្លោះ ជនភៀសខ្លួននៅក្នុងជំរុំក្នុងតំបន់ Darfur កំពុងប្រឈមមុខទៅនឹងហានិភ័យនៃគ្រោះទុរ្ភិក្ស ដោយសារការបញ្ឈប់ការផ្តល់អាហារដែលចែកចាយដោយអង្គការអន្តរជាតិ។ អត្រាកង្វះអាហារូបត្ថម្ភកំពុងកើនឡើងនៅក្នុងជំរំ ដែលគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់សែននាក់។ យោងតាមរបាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោក WFP នាពេលថ្មីៗនេះបានឲ្យដឹងថា ប្រជាជនស៊ូដង់ភាគច្រើនប្រឈមភាពស្រេកឃ្លានយ៉ាងខ្លាំង ដោយសារតែការបន្តសង្រ្គាម ហើយ តិចជាងប្រាំភាគរយនៃប្រជាជនស៊ូដង់ អាចមានលទ្ធភាពទិញអាហារ។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ពាក់កណ្តាលនៃប្រជាជនស៊ូដង់ប្រមាណ ២៥ លាននាក់ត្រូវការជំនួយមនុស្សធម៌និងការការពារដោយមានជិត ១៨ លាននាក់ ប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។

