ស្វាយរៀង ៖ វត្តមានជំងឺកូវីដ១៩នៅស្វាយរៀង នាពេលបច្ចុប្បន្នហាក់មិនមានសញ្ញាបញ្ជាក់ថយចុះនោះទេ ខណៈដែលក្រុមការងារចុះស្រាវជ្រាវ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ថែមនៅគ្រប់តំបន់ ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ ខេត្តស្វាយរៀងនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩ នៅស្វាយរៀងហាក់មិនមានថបថយចុះនោះទេ ខណៈដែលវិជ្ជមានជំងឺ covid១៩ បានផ្ទុះឡើងជាបន្តបន្ទាប់នៅគ្រប់តំបន់ពិសេសថ្មីៗនេះក្រុមការងារចុះស្រាវជ្រាវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើក្រុមអាជីវករប្រកបរបរនៅក្នុងផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួនជាង៨០នាក់បន្ថែម ។
លោក បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅស្វាយរៀង ក្រុមការងារបានចុះស្រាវជ្រាវរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅតាមសហគមន៍ ពិសេសនៅតាមរោងចក្រ សហគ្រាសក្នុងមួយថ្ងៃមិនក្រោមពីចន្លោះពី ៥០ទៅ ៩០នាក់ទេ ដែលវិជ្ជមានជំងឺកូវីដ១៩ ភាគច្រើនជាកម្មករបំរើការងារនៅរោងចក្រ ដែលបាននាំចម្លងទៅពលរដ្ឋនៅក្នុងសហគមន៍។
ប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ មានការរីករាលនៅតាមសហគមន៍ លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល បច្ចុប្បន្នរដ្ឋបាលខេត្តបានសហការជាមួយនឹងផ្នែកពាក់ព័ន្ធបានចុះអប់រំពី វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ និងណែនាំពលរដ្ឋអោយធ្វើអនាម័យ សម្អាតបរិស្ថាន នៅគ្រប់តំបន់ ពិសេសជម្រុញដល់រោងចក្រ សហគ្រាស ធ្វើជីវសុវត្តិភាព បាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្កាចម្លងជំងឺដល់កម្មករ កម្មការិនី ខណៈដែលជំងឺកូវីដ១៩ ភាគច្រើនកើតនៅតាមរោងចក្រ សហគ្រាស ។
តាមរបាយការណ៍របស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្វាយរៀង មានពលរដ្ឋខ្មែរ និងជនបរទេស រងវិជ្ជមានជំងឺកូវីដ១៩ មានចំនួន ៤ពាន់០២១នាក់ ស្ត្រីចំនួន ២ពាន់២១៦នាក់ ឈឺស្លាប់មានចំនួន៤៨នាក់ស្រីចំនួន២៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ៣ពាន់២២៧នាក់ ស្រីចំនួន ១ពាន់៨២៤នាក់ និងកំពុងធ្វើការព្យាបាល ចំនួន៧២៧នាក់ ស្រីចំនួន៣៤៨នាក់ ៕
អត្ថបទ ៖ សារិទ្ធ


