ហៃទី ៖ មេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហៃទី បាននិយាយថា លោកនឹងពិចារណាលើការបញ្ឈប់អាវុធ ប្រសិនបើក្រុមប្រដាប់អាវុធ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចចរចា ដើម្បីបង្កើត រដ្ឋាភិបាលថ្មី។
ក្រុមជាច្រើនដឹកនាំដោយលោក Jimmy Chérizier ដែលត្រូវបានគេស្គាល់ថា ជា Barbecue កំពុងគ្រប់គ្រងភាគច្រើននៃរដ្ឋធានីព័រអូប្រាំង(Port-au-Prince)។
លោកបានព្យាករថា អំពើហិង្សាដែលបានរួបរឹតប្រទេសហៃទី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាចនឹងកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខ។
ទោះជាយ៉ាងណា លោកបានប្រាប់សារព័ត៌មាន Sky News ថា៖ «យើងត្រៀមខ្លួនជាស្រេចសម្រាប់ដំណោះស្រាយនានា»។
ប្រទេសហៃទី ដែលជាប្រទេសដ៏ក្រីក្រនៅតំបន់ការ៉ាអ៊ីប មានប្រជាជនជាង ១១ លាននាក់ បានគ្មាននាយករដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃទី១២ ខែមីនា។
លោក Ariel Henry បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានរារាំងដោយក្រុមជនអន្ធពាលប្រដាប់អាវុធ មិនឲ្យវិលត្រឡប់មកពីប្រទេសកេនយ៉ា ជាទីដែលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចូលកងកម្លាំងរក្សាសន្តិភាពយោធា ក្នុងកិច្ចប្រឹងប្រែងដើម្បីស្តារច្បាប់និងសណ្តាប់ធ្នាប់ឡើងវិញ។

